ខេត្តកំពង់ឆ្នាំង៖ក្មេងស្រីម្នាក់ត្រូវចោរមួយក្រុមមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកភ្ជង់ និងបាញ់ធ្លាយប្រអប់ជើងប៉ងប្លន់យកម៉ូតូ តែមមិនបានសម្រេច យកបានតែខ្សែដៃមាស២ជី ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ ស្ថិតនៅផ្លូវលំក្រាលក្រួសក្រហមខាងក្រោយវត្តអង្គរសេរី ភូមិ ស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់។
ជនរងគ្រោះ ឈ្មោះ ផាវ សុផាន ភេទស្រីអាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួសប្រអប់ជើងខាងស្តាំ។
បើតាមប្រភពព័ត៌មានពីក្មេងស្រីអ្នករួមដំណើរជាមួយ និងជនរងគ្រោះផ្ទាល់ បានរៀបរាប់អោយដឹងថា ដើមឡើយរូបគាត់និងមិត្តភក្តិទាំងអស់ មានគ្នាចំនួន៥នាក់ បានធ្វើដំណើរដោយម៉ូតូ ២គ្រឿង១គ្រឿងជិះគ្នា២នាក់ ជិះក្រោយ និងម៉ូតូជនរងគ្រោះជិះមុខម៉ាកសង់ C125 ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C.3178 គាត់ជិះគ្នា៣នាក់ (ជនរងគ្រោះ)ជាអ្នកបើកចេញពីភូមិថ្មឥដ្ឋ គោលបំណងជូនម្តាយមីងទៅ ផ្ទះជួល នៅរោងចក្រមានកម្មវិធីហូបចុកជួបជុំគ្នានៅភូមិស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយពេលមកដល់ចំណុចកន្លែងកើតហេតុ ខាងលើស្រាប់តែជនសង្ស័យ មានគ្នា២នាក់ស្លៀកពាក់ស៊ីវិល ពាក់មួកសុវត្តិភាពទាំពីរនាក់ ជិះម៉ូតូធំ ម៉ាក SL ពណ៌ខ្មៅ មិនចាំស្លាកលេខ មកអែប ហើយក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក មកភ្ជង់ជនរងគ្រោះ ឱ្យប្រគល់ម៉ូតូឱ្យរូបគេ តែជនរងគ្រោះ មិនព្រមប្រគល់ ហើយក៏ត្រូវជនសង្ស័យ បាញ់១គ្រាប់ចំទូកម៉ូតូខាងឆ្វេង ធ្លាយទៅខាងស្តាំក៏ត្រូវ ប្រអប់ជើងជនរងគ្រោះ ខាងស្តាំបៀមគ្រាប់ជាប់នៅក្នុងជើង ក៏ត្រូវជនសង្ស័យបេះខ្សែដៃ មាសសុទ្ធមានទម្ងន់២ជី ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តងទៅ ហើយជនរងគ្រោះត្រូវអ្នករួមដំណើរ និងអ្នកជិតខាងនាំយកនៅសង្គ្រោះនៅ មន្ទីរពេទ្យឯកជន តែវណ្ណា នៅសាលាលេខប្រាំ។
ក្រោយកើតហេតុ ប្រហែល១ម៉ោងក្រោយមកទើបគេឃើញ មានសមត្ថកិច្ចនគរបាលមូលដ្ឋានមកដល់កន្លែងកើតហេតុ បានត្រឹមធ្វើកំណត់ហេតុតែប៉ុណ្ណោះ៕