ចោរ​ប្រដាប់អាវុធ​៤​នាក់​​ប្លន់​ផ្ទះ​ដេប៉ូ​លក់​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖​ផ្ទះ​ដេប៉ូ​លក់​ឈើ​មួយកន្លែង​នៅ​ភូមិ​ស្រែ​ស្ពឺ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវ​ក្រុមចោរ​៤​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បានធ្វើ​សកម្មភាព​ចូល​ប្លន់​ប្រមូល​យកលុយ​ដុល្លារ​ប្រមាណ​៣​ម៉ឺន​ដុល្លារ លុយ​ខ្មែរ​៤០​លាន​រៀល និង​គ្រឿងអលង្ការ ព្រមទាំង​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​។​
​សមត្ថកិច្ច​ដឹងថា ម្ចាស់​ដេប៉ូ​ឈើ​រងគ្រោះ​ឈ្មោះ ស្រ៊ី សុផល ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ស៊ុយ វាន់​នី រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ប្រភព​បញ្ជាក់ថា ក្រុមចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បាន​ចូលមក​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ចាប់​ម្ចាស់ផ្ទះ​ប្រុសៗ​៤​នាក់​ចង​និង​ខ្សែលួស ចំណែក​ស្រីៗ​២​នាក់​មិនបាន​ចង​ទេ ហើយ​បាន​ប្រើ​កន្ត្រៃ​កាត់​យក​គ្រឿងអលង្ការ ព្រមទាំង​ប្រើ​ញញួរ​ធំ​វាយ​បំបែក​ទូដែក​រួច​ប្រមូលយក​មាស ប្រាក់ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​យក​ទាំងអស់ រួច​គេចខ្លួនបាត់​តែម្តង​៕

9e919703-e19b-4544-a04b-e7d747b9697d081724b4-87dc-4180-a34f-6d5bb9d57a62a4b1d732-4ec8-445d-9bb9-88752d8ee02d