ខេត្តពោធិ៍សាត់៖ដោយសារតែមានជម្លោះក្នុងគ្រួសាររហូតមានវិបត្តិផ្លូវចិត្តបុរសម្នាក់ផឹកស្រាជោក ហើយចុះហែលទឹកក្នុងស្ទឹងពោធិ៍សាត់បណ្តលឲ្យលង់ស្លាប់តែម្តង។ ហេតុការណ៍នេះកើតឡងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចុងកោះសំពៅមាស ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនរងគ្រោះ ឈ្មោះ ហួរ អាយុប្រហែល ៥០ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមប្រភពបានឲ្យថា ជនរងគ្រោះជានិច្ចជាកាលធ្លាប់មានវិបត្តិក្នុងគ្រួសារ ហើយតែងតែផឹកស៊ីស្រវឹងជោគជាំ ជារៀងរៀងរាល់ថ្ងៃ។ ប្រភពបន្តថា នាថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស៊ីស្រវឹងដូចសព្វមួយដង ហើយបានទាស់មាត់ទាស់សម្តីជាមួយគ្រួសារ រួចក៏ដើរទៅងូតទឹកស្ទឹងពោធិ៍សាត់ ដោយហែលទាំងកម្រោលរហូតដល់ដាច់ខ្យល់ស្លាប់ ក្នុងស្ទឹងតែម្តង។ បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ ស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី៕