រាជធានីភ្នំពេញ៖សាកសពបុរសកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរបន្ទប់ទឹកជាន់ផ្ទាល់ដីដោយសង្ស័យផឹកស្រវឹងហើយដេករមៀលធ្លាក់ពីលើឡៅតឿចំខាងក្រោមបាកក។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីព្រលឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ន គីមហុង អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ និងមានប្រពន្ធឈ្មោះ ធន់ យ៉េត អាយុ៣០ឆ្នាំ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីចប់ម៉ោងការងាររួចនោះ ឈ្មោះ ស៊ន គីមហុង (ស្លាប់) និងមិត្តភក្តិពីរបីនាក់ទៀតបាននាំគ្នាផឹកស្រា អស់ពីរលីត្រ ហើយពួកគេក៏បែកគ្នា ដោយឈ្មោះ ស៊ន គីមហុង បានឡើងទៅដេកលើកឡៅតឿន ជាន់ទីមួយក្នុងការដ្ឋានដែលកំពុងសាងសងមិនទាន់រួច នៅក្បែរកន្លែងផឹកស៊ី ចំណែកអ្នកផ្សេងទៀត ក៏ដើរទៅដេកតាមកន្លែងរៀងៗខ្លួន។ ប្រភពបន្តថា លុះព្រឹកព្រលឹមស្រាងៗប្រហែលជាម៉ោង៥ និង៣០នាទី លោកបានដើរទៅដាស់ឈ្មោះ ស៊ន គីមហុង អោយក្រោកដើម្បីបន្តការងារដូចសព្វដង ប៉ុន្តែពេលដើរចូលទៅក្នុងសំណង់ការដ្ឋានសាងសង ស្រាប់តែប្រទះឃើញឈ្មោះ ស៊ន គីងហុង បានដេកស្លាប់ក្បែរបន្ទប់ទឹកជាន់ផ្ទាល់ដីតែម្តងទៅ ដោយមានស្នាមរបួសជង្គង់ និងដៃ។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលចុះពិនិត្យផ្ទាល់បានសន្និដ្ឋានថា ករណីនេះអាចកើតឡើងដោយសារ ជនរងគ្រោះឈ្មោះ ស៊ន គីមហុង ផឹកស្រាស្រវឹងហើយឡើងទៅដេក លើកឡៅតឿន រមៀលធ្លាក់មកក្រោមបោកក្បាលនឹងថ្ម នឹងបាក់កស្លាប់ទៅ។ សមត្ថកិច្ចបញ្ជាក់ថាក្រោយពិនិត្យរួចរាល់សមត្ថកិច្ច បានធ្វើលិខិតប្រគល់សាកសព ទៅអោយក្រុមគ្រួសារដឹកយកទៅស្រុកកំណើត នៅឯងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕