រាជធានីភ្នំពេញ៖យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានផ្សាយថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់១១នាក់ និងរបួសស្រាល១០នាក់។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច១, រថយន្តធុនធំ១គ្រឿង។ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក, ប្រជែង២លើក, មិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់ (យប់៩នាក់)។
ជាមួយគ្នានោះម្សិលមិញលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣,៦៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៦៤៣គ្រឿង និងពិន័យសរុប២,០០៤គ្រឿង៕