ដោយ ប្រុញ វិធិន
ក្រចេះ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ដកែច្នៃបុកមួយម៉ូតូបណ្ដាលឲ្យមនុស្សចំនួន ២នាក់ ស្លាប់នៅកន្លែងកើតហេតុយ៉ាងអណោចអធម៍។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩និង១៥នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវលំ ក្នុងភូមិបឹងរុន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកនុសេនីយ៍ឯក ចាន់ ធី ប្រធានផ្នែកចរាចរណ៍ បានឲ្យដឹងថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរារចណ៍នេះ គឺបណ្ដាលមកពីរថយន្ដកែច្នៃ ជាអ្នកបង្កហេតុ ដោយបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច។ ក្រោយពីបង្កហេតុភ្លាម អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ ហើយកម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខជនបង្ក។
លោកអនុសេនីយ៍ បន្ដទៀតថា ជនរងគ្រោះទី១ ឈ្មោះ រ៉ែន សារឿន ភេទប្រុស អាយុ ២២ឆ្នាំ និងជនរងគ្រោះទី២ ឈ្មោះ យឹម យេន ភេទប្រុស អាយុ ១៤ឆ្នាំ ជនរងគ្រោះទាំង ២នាក់ មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាបភ្លាមៗនៅនិងកន្លែងកើតហេតុ។
សពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី៕