លោក ខេមរិន្ទ
ភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅកាន់គណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះថា មិនបានគេចវេសនៅក្នុងការជួបពិភាក្សាគ្នានោះទេ តែគណបក្សសង្គ្រោះជាតិទៅវិញទេ ដែលត្រូវរកមេដឹកនាំមកជួបពិភាក្សាគ្នា ក្នុងក្របខណ្ឌវប្បធម៌សន្ទនា ព្រោះមេដឹកនាំគណបក្សសង្គ្រោះជាតិបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងកំពុងជាប់សំណុំរឿងនៅតុលាការ។
ទោះជាយ៉ាងណា មន្ដ្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមិនទាន់បានកំណត់កាលបរិច្ឆេទដើម្បីជួបពិភាក្សាគ្នានៅក្នុងក្របខណ្ឌវប្បធម៌សន្ទនានៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ អាស៊ី អាគ្នេយ៍ថាគណបក្សប្រជាជនកម្ពុជានៅមិនទាន់ព័ត៌មាន ឬក៏ដំណឹងអ្វីពីគណបក្សសង្គ្រោះជាតិនៅឡើយទេ តែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនៅតែស្វាគមន៍ ចំពោះការជួបពិភាក្សាគ្នានៅក្នុងក្របខណ្ឌវប្បធម៌សន្ទនាដដែល។
ចំណែកលោក សុន ឆ័យ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ ថា គណបក្សសង្គ្រោះជាតិ មានបំណងជួបពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហានយោបាយនាពេលបច្ចុបន្ននេះតែគណបក្សប្រជាជនកម្ពុជាឆ្លើយតបថា កំពុងជាប់រវល់បំពេញកិច្ចការងារផ្សេងនៅឡើយ ដូច្នេះទើបមិនទាន់បានជួបគ្នា។
ប៉ុន្ដែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កាលពីមុនលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុ ពិភាក្សាជាមួយក្រុមតំណាង រាស្ដ្រ សំលេងភាគច្រើន ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស រីឯលោក កឹម សុខា កំពុងជាប់រឿងក្ដីនៅតុលាការ ដូច្នេះថាតើមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរូបមកជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា? ហើយគណបក្សប្រជាជនកម្ពុជា មិនបានគេចវេសឬមិនព្រមជួបចរចាគ្នាដូចការលើកឡើងរបស់មន្ដ្រី គណបក្សសង្គ្រោះជាតិនោះទេ។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថាដើម្បីអាចជួបពិភាក្សាគ្នាបានគណ បក្សសង្គ្រោះជាតិត្រូវរកមេដឹកនាំមកជួបពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា ,ត្រូវមានប្រធានបទច្បាស់លាស់,និងត្រូវទំនាក់ទំនងប្រភពណា ដែលអាចឲ្យគណបក្ស ទាំង ពីរអាចជួបគ្នាបាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដដែល បានគូសបញ្ជាក់ ថា ការជួបពិភាក្សានៅក្នុងក្របខណ្ឌវប្បធម៌សន្ទនានឹងមិនមានការលើកយកពីបញ្ហាដែលទាក់ទងនឹងតុលាការឡើយ ព្រោះថាស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ មិនអាចឲ្យអ្នកណាជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ ៕