លោក សុត្ថារ៉ូ
ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី ៦ ខែមិថុនា នេះ បានបដិសេធមិនទទួលពាក្យបណ្តឹងរបស់ប្រធានសមាគន៍មួយដែលប្តឹងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ គ ជ ប ៤រូប ពាក់ព័ន្ធនឹងអំពើពុករលួយ ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់បែបនេះ នៅបន្ទាប់ពីក្រុមជំនាញ ACU បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសក្ខីកម្មក្នុងពាក្យបណ្តឹងថា តើអាចយកជាការបាន ដែរឬយ៉ាងណា ?
រយៈពេលជាង២ ម៉ោង នៅព្រឹកថ្ងៃចន្ទ ទី៦ នេះ ក្រុមការងារជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន ដែលប្តឹងថ្នាក់ដឹកនាំ គ.ជ.ប អំពីរឿងពុករលួយ។ ទីបំផុតអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចច្រានចោលមិនទទួលយកបណ្តឹងនោះទៅចាត់ការទេ។
ប្រធាន ACU លោក ឱម យ៉ិនទៀង បានបញ្ជាក់ហេតុផលនៃការមិនទទួលយកពាក្យបណ្តឹងនេះថា គឺដោយសារតែសំណុំរឿងនេះអត់មានតម្រុយសូម្បីតែបន្តិចសោះ ក្នុងការឈានទៅដល់ការស៊ើបអង្កេតនោះឡើយ ហើយក៏អត់ពាក់ព័ន្ធនឹងអំពើពុករលួយនោះដែរ។
កិច្ចប្រជុំរបស់ក្រុមការងារជំនាញផ្នែកពុករលួយ ACU នាព្រឹកមិញនេះ រួមមានវត្តមានទាំងម្ចាស់បណ្តឹងលោក រស់ សារ៉ុម និងតំណាងគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដោយបានជជែកដេញដោលគ្នាប្រមាណជាជិត២ម៉ោង ទើបមានការសម្រេចមិនទទួលយកពាក្យបណ្តឹងនេះ។
សូមជម្រាបថា មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ គ ជ ប ចំនួន ៤រូប ដែលបានរងនូវបណ្តឹង ពីលោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន គឺលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន លោក ហង់ ពុទ្ធា អ្នកនាំពាក្យ និងលោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប។ ក្នុងបណ្តឹងនោះ លោក រស់ សារ៉ុមបានចោទពីការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងការធ្វើសមាហរណកម្ម មន្ត្រីក្នុងស្ថាប័ន គ ជ ប ដែលបានប្រព្រឹត្តនៅក្នុងខែមករា ឆ្នាំ២០១៦។
បន្ទាប់ពីពិភាក្សាដេញដោល និងការមិនទទួលបណ្តឹងក្នុងកិច្ចនោះរួចមក លោក រស់ សារ៉ុម មិនបានជំទាស់អ្វីនឹងការសម្រេចនេះទេ ប៉ុន្តែលោកស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតបដិសេធជាផ្លូវការ។
មន្ត្រីនាំពាក្យ គ ជ ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ខណៈនេះ គ.ជ.ប កំពុងពិចារណាថា តើគួរប្តឹងលោក រស់ សារ៉ុម ទៅកាន់តុលាការពីបទបរិហារកេរ្តិ៍ដែរឬយ៉ាងណា ? ៕