លោក កឹម សុខា រង​បណ្តឹង​ថ្មី​ទៀត ពី​អតីត​ម្តាយ​ប្រពន្ធចុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2016 ក+ ក-

 

អត្ថបទ ៖ លោក រដ្ឋា

ភ្នំ​ពេ​ញ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ថ្ងៃទី ៦ ខែមិថុនា នេះ​បាន​បញ្ជាក់ថា​នឹង​ទទួល​ពិនិត្យ​លើ​បណ្តឹង​ចោទ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​លើ​ប្រាក់​ជំនួយ​បក្ស​របស់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស និង​នាំ​មនុស្ស​ចេញទៅ​បរទេស​ជា​ថ្នូរ​នឹង​លុយ​២​ម៉ឺន​ដុល្លារ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​​ថ្ងៃ​ចន្ទ ទី​៦ ខែមិថុនា នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​បញ្ជាក់ថា អង្គភាព​នឹង​ពិនិត្យ​é​ក​សារ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​យកលុយ​ជំនួយ​ពី​ក្រៅប្រទេស​មក​ចាយវាយ​ផ្ទាល់ខ្លួន និង​ការយក​មនុស្ស​ទៅ​ក្រៅប្រទេស​ជា​ថ្នូរ​នឹង​លុយ​២​ម៉ឺន​ដុល្លារ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ ស្ត្រី​ម្នាក់​ឈ្មោះ សំ ផល្លា ដែល​ធ្លាប់​ចេញមុខ​តវ៉ា​ប្រឆាំង និង​ធ្លាប់​ត្រូវបាន​រង​អំពើហិង្សា​ដោយ​អង្គរក្ស​លោក កឹម សុខា កាលពី​អំឡុង​ឆ្នាំ​២០១៣ បាន​អះអាងថា ខ្លួន​ជា​ម្តាយ​របស់​ស្ត្រី​ម្នាក់​ដែលជា​ប្រពន្ធចុង​របស់លោក កឹម សុខា​។​

​ក្នុង​ពាក្យបណ្តឹង​របស់​អ្នកស្រី សំ ផល្លា បាន​ប្តឹង​លោក កឹម សុខា ក៏មាន​រៀបរាប់​ពី​ករណី​ប្រើ​ហិង្សា​មកលើ​រូបអ្នក​ស្រី កាលពី​ឆ្នាំ​២០១៣ តាមរយៈ​ការវាយដំ​ពី​អង្គរក្ស​របស់លោក កឹម សុខា​។ អ្នកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា លោក កឹម សុខា បាន​ឲ្យ​លុយ​ទៅ​កូនស្រី​របស់​អ្នកស្រី​ចំនួន​៤​ពាន់​ដុល្លារ ហើយ​ថា​លុយ​នោះបាន​ពី​ជំនួយ​នៅក្រៅ​ប្រទេស​។ អ្នកស្រី​អះអាង​ក្នុង​កិច្ចប្រជុំ​នោះ​ថា លោក កឹម សុខា ទទួលបាន​លុយ​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​មនុស្ស​ម្នាក់​ពេល​យក​មនុស្ស​ចេញទៅ​សហរដ្ឋអាមេរិក​។​អ្នកស្រី​ថា​៖ “​បាន​លុយ​ជំនួយ​គេ​ជួយ​…​គាត់​មាន​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស ដាក់ថា​ជា​លេខា​គាត់​….. ហើយ​យក​ម្នាក់​២​ម៉ឺន​ដុល្លារ ” ។​

​យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា អង្គភាព ACU មិនអាច​ចាត់ការ​រឿង​បង្ក​របួសស្នាម​លើ​អ្នកស្រី សំ ផល្លា និង​បណ្តឹង​ផ្សេងទៀត​នោះទេ ដោយហេតុថា​មិន​ស្ថិតក្នុង​បទល្មើស​ពុករលួយ​ដែលជា​សមត្ថកិច្ច​របស់​លោក​។​លោក​បន្តថា អង្គភាព​នឹង​ពិនិត្យ​បណ្តឹង​លើ​ករណី​លុយ​ជំនួយ​ដែល​បាន​ពី​ក្រៅប្រទេស និង​រឿង​ចោទប្រកាន់ថា យកលុយ​២​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការយក​មនុស្ស​ទៅ​បរទេស​។​

នេះ​ជា​បណ្តឹង​ថ្មី​ទៀត ខ​ណៈ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុង​ប្រឈម​នឹង​ការចាប់ខ្លួន​ដោយសារ​បណ្តឹង​របស់​នា​រី​ម្នាក់​ឈ្មោះ ចាន់ ដា​រ៉ា​ទី ហៅ​ស្រីមុំ ជា​អ្នក​ប្រកប​របរ​ធ្វើ​ក្រចក​យ៉ាង​សាមញ្ញ​ម្នាក់ ហើយ​នីតិវិធី​បាន​ឈានដល់​ដំណាក់​ការដែល​តុលា​ការចេញ ”​ដីកា​បង្គាប់​” ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ខាងមុខនេះ​៕
fn-2016-06-06-09-05-31-0