ម្ចាស់​រថយន្ត​ដែល​ខូចខាត​ដោយសារ បាក់ស្រុត​ដី​នៅ ក្បែរ​របង​ស្តា​ត​អូឡាំពិក ស្នើសុំ​សំណង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​ដោយ​៖​រដ្ឋា​
​ភ្នំ​ពេ​ញ៖​ម្ចាស់​រថយន្ត ដែល​រង​ការខូចខាត​ដោយសារ​ការបាក់​ស្រុតដី​ផ្លូវ​នៅជាប់​របង​ស្តា​ត អូឡាំពិក​នៅលើ​ផ្លូវ​លេខ​១៦៣​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​បាន​ប្រាប់ថា​ពួកលោក​ដែល ជា​ម្ចាស់​រថយន្ត​ទាំងបី​គ្រឿង​បានស្នើ​សុំ​សំណង​ខ្លះ​ពី​ក្រុមហ៊ុន​ក្នុងការ​ជួសជុល​រថយន្ត​ដែល​រង​ការខូចខាត​។​
​សូមជម្រាបថា ភ្លៀង​មួយ​មេ​ធំ​រយៈពេល​ជិត​២​ម៉ោង​បានចាប់ផ្តើម​តាំងពី​ម៉ោង​ប្រមាណ ១២ និង​៤០​នាទី បាន​បណ្តាល​ឲ្យ​ទឹក​ជន់​នៅ​កន្លែង​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។​រថយន្ត បី គ្រឿង​រង​ការខូចខាត ពេល​ស្រុតដី​នៅក្បែរ​ការដ្ឋាន​មួយ​ជាប់​របង​ស្តា​ត​អូឡាំពិក​។​បើតាម ការចុះ​ពិនិត្យមើល​នៅជាប់​កន្លែង​បាក់​ដី​ស្រុត​នោះ​មានការ​ជីករណ្តៅ​ជ្រៅ​មួយ​របស់​ការដ្ឋាន ក្រុមហ៊ុន​។​
​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត​បាន​ប្រាប់ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា លោក​បាន​ចត​រថយន្ត លក់​និង​រថយន្ត​ជិះ​ផ្ទាល់ខ្លួន​ផង​នៅជាប់​របង​ស្តា​ត​អូឡាំពិក​។
​លោក​បន្តថា​ក្រោយ​ហេតុការណ៍​កើតឡើង​លោក​បាន​ជួប​ជាមួយ​មេការ​ម្នាក់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ដើម្បី​ចរចា​ស្នើសុំ​សំណង​មួយចំនួន​ដើម្បី​ជួសជុល​រថយន្ត​តែ​លោ​កថា​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ការឆ្លើយតប​ពី​ក្រុមហ៊ុន​នៅឡើយ​ទេ​។​
​មេគង្គ​ប៉ុស្តិ៍ មិនទាន់​អាច​សុំ​ការឆ្លើយតប​ភ្លាមៗ​ពី​ម្ចាស់​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​លើ សំណង់​នោះបាន​នៅឡើយ​ទេ​៕

a1a11