រាជធានីភ្នំពេញ៖តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ លោក ជាម ចន្នី បានថ្លែងកាលពីរសៀលម្សិលមិញថា គណបក្សនឹងមិនឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សចូលបំភ្លឺតុលាការនៅថ្ងៃទី១៤ ខែមិថុនា តាមការកោះហៅនោះទេ ។ ប៉ុន្តែហ្វូងមហាជនគាំទ្រ CNRP រាប់ពាន់នាក់នឹងមកជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សរាជធានីភ្នំពេញ ដើម្បីឃ្លាំមើលស្ថានភាពនយោបាយ សំខាន់ទាក់ទងករណីលោក កឹម សុខា។
លោក ជាម ចន្នី បានលើកឡើងថា មូលហេតុដែលយើងមិនឲ្យលោក កឹម សុខា ចូលបំភ្លឺតុលាការ ព្រោះតែលោក កឹម សុខា មានអភ័យឯកសិទ្ធិតំណាងរាស្ត្រ ហើយតុលាការកំពុងរំលោភបំពានសិទ្ធិអ្នកតំណាងរាស្ត្រ និងរំលោភមាត្រ៨០នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះបើលោក កឹម សុខា ចូលបំភ្លឺនៅតុលាការនោះគឺមានន័យថា យើងបានរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ដែលចែងនូវការការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រ។
គួរបញ្ជាក់ថា តុលាការរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក កឹម សុខា ប្រធានស្តីទី CNRP ចូលបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីសាកសួរអំពីមូលហេតុដែលលោកមិនចូលបំភ្លឺតុលាការ តាមការកោះហៅ កាលពីលើកមុន ៕