ឥណ្ឌាជំរុញឲ្យបង្កើនកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយអាមេរិក
អាមេរិក៖នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី បានប្រកាសកាលពីថ្ងៃម្សិលមិញថា ឥណ្ឌានិងសហរដ្ឋអាមេរិក គួរធ្វើការរួមគ្នាឲ្យបានជិតស្និទ្ធថែមទៀត ដើម្បីផ្ចាញ់ចលនាភេរវកម្មនិងកាត់ផ្ដាច់អស្ថេរភាពតំបន់។
លោក ម៉ូឌី បានថ្លែងដូច្នេះនៅក្នុងសម័យប្រជុំមួយរបស់សភាអាមេរិកនៅអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រុងវ៉ាស៊ីងតោនដែលរៀបចំឡើងដើម្បីកសាងទំនាក់ទំនងរវាងមហាអំណាចប្រជាធិបតេយ្យទាំងពីរនេះ។ ទន្ទឹមនោះលោក ម៉ូឌី បានជំរុញឲ្យសមាជិកសភាអាមេរិកជួយហ៊ុមព័ទ្ធអ្នកទាំងឡាយដែលគាំទ្រចលនាភេរវកម្មនៅបណ្ដាប្រទេសជិតខាងឥណ្ឌា។
លោក ម៉ូឌី បញ្ជាក់ថា ភាពជាដៃគូអាមេរិក-ឥណ្ឌានឹងជួយធានាសន្តិសុខនៃផ្លូវពាណិជ្ជកម្ម និងសេរីភាពនាវាចរណ៍នៅដែនសមុទ្រ៕