អត្ថបទ៖ លោក រដ្ឋា
ភ្នំពេញះលោក ស៊ឹង ប៊ុណ្ណា នាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែលធ្វើសេវាកម្មវាយតម្លៃអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា នៅវេលាព្រឹកនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួន និងត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ និងឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននៅរសៀលថ្ងៃដដែល ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (មូលប្បទានបត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ) ក្នុងទំហំទឹកប្រាក់ចំនួន៤០ម៉ឺនដុល្លារអាមេរិក តាមបណ្តឹងរបស់លោកឧកញ៉ា កែវ ហ៊ុន ។
មុនពេលចាកចេញពីការិយាល័យក្រុមហ៊ុន ដើម្បីឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំងទឹកមុខញញឹម លោក ស៊ឹង ប៊ុណ្ណា បានផ្តាំផ្ញើភរិយារបស់លោកដែលកំពុងសម្រក់ទឹកភ្នែកថា “ធ្វើការថែទាំកូនឲ្យបានល្អ ទោះជាមានស៊ី ឬអត់ស៊ី ត្រូវប្រឹងរកដោយសុចរិត និងលេបថ្នាំឲ្យបានទៀងទាត់” ។
លោក ស៊ឹង ប៊ុណ្ណា ជាអ្នកធ្លាប់ល្បាញល្បី និងត្រូវសង្គមទទួលស្គាល់ថា ជាអ្នកមានធនធាន មានមុខមានមាត់ក្នុងសង្គមមួយរូប តែពេលនេះអ្នកស្រី សំម៉ាលី បញ្ជាក់ថា អ្នកស្រី និងស្វាមី គ្មានសល់អ្វីទេ។ បើតាមអ្នកស្រី សំម៉ាលី ភាពហិនហោចនេះ មិនមែនដោយសារការលេងល្បែងអ្វីនោះឡើយ តែមកពីមានរឿងនៅពីក្រោយខ្នង ជាពិសេសការជឿទុកចិត្តលើអ្នកដទៃ។
អ្នកស្រី ស៊ន សំម៉ាលី បានរៀបរាប់ថា ស្វាមីរបស់អ្នកស្រី ធ្លាប់ជួយសង្គមខាងផ្នែកដីធ្លីនៅស្រុកខ្មែរ និងបណ្តុះបណ្តាលមនុស្សរាប់រយពាន់នាក់ ឲ្យចេះរកស៊ី និងជួយមនុស្សជាច្រើនឲ្យក្លាយជាមហាសេដ្ឋី ហើយស្វាមីរបស់អ្នកស្រីជាអ្នករកស៊ីវាយតម្លៃដីធ្លីមិនស៊ីសំណូក។
ភរិយារបស់អ្នកជំនួញអចលនទ្រព្យដ៏ល្បីល្បាញរូបនេះ បានរៀបរាប់ថា ទង្វើជាគុណធម៌ ដែលស្វាមីរបស់អ្នកស្រីប្រឹងប្រែងនេះ ត្រូវបានតបស្នងមកវិញ ដោយទង្វើរមិលគុណ។
សូមជំរាបថា លោក ស៊ឹង ប៊ុណ្ណា បានបង្កើតក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៩។ លុះនៅឆ្នាំ២០១១ ធនាគារជាតិនៃកម្ពុជា បានទទួលការវាយតម្លៃផ្នែកអចនទ្រព្យកម្មសិទ្ធិរដ្ឋនៅទូទាំងប្រទេស ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ក៏បានក្លាយជាអ្នកដេញថ្លៃ និងទទួលបានកិច្ចសន្យាវាយតម្លៃ ផ្នែកសុវត្ថិភាពជាផ្លូវការនាពេលនោះ។ អស់ជាច្រើនឆ្នាំមកនេះក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានចាប់ដៃគូជាមួយធនាគារឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក និងពង្រីកទំនាក់ទំនងអាជីវកម្មឱ្យកាន់តែប្រសើរឡើង។
គេមិនទាន់ដឹងរឿងរ៉ាវច្បាស់លាស់នៅឡើយទេថា តើលោក ស៊ឹង ប៊ុណ្ណា មានទំនាក់ទំនងរកស៊ីជាមួយឧកញ៉ា កែវ ហ៊ុន អ្វីខ្លះនោះទេ ហើយបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់របស់លោកឧកញ៉ា កែវ ហ៊ុន នោះដែរឬយ៉ាងណា ? ៕