អត្ថបទ៖ លោក រដ្ឋា
ភ្នំពេញ ៖គិតមកដល់ថ្ងៃទី១១នេះ មានរយៈពេល៣ថ្ងៃហើយដែលតុលាការក្រុងភ្នំពេញបន្តការសាកសួរ បុរស៣នាក់នៅឡើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយក្រសួងមហាផ្ទៃ ពាក់ព័ន្ធការប្រើឈ្មោះថ្នាក់ដឹកនាំដើម្បីបោកប្រាស់អ្នកវិនិយោគបរទេស និងប្រជាពលរដ្ឋក្នុងការដើរទិញ លក់ ដី តម្លៃរាប់លានដុល្លារ។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា បុរសទាំង៣នាក់ ដែលប៉ូលិសចាប់ខ្លួន មានដូចជាៈ ១.ឈ្មោះ សួន មាន ភេទប្រុស អាយុ៤៧ឆ្នាំ, ឈ្មោះ ហង្ស សុខា ភេទប្រុស អាយុ៤៧ឆ្នាំ និងឈ្មោះ ស៊ុន សុខហេង ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ហើយបានបញ្ជូនខ្លួន មកតុលាការ កាលពីថ្ងៃទី១០ ខែមិថុនា និងរហូតមកព្រឹកថ្ងៃទី១១ មិថុនា នេះ គឺកំពុងតែស្ថិតនៅក្នុងតុលាការ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមសាកសួរ អំពីដំណើររឿង ឆបោកក្នុងការទិញលក់ដី ដែលមានតម្លៃ ជិត ១ លានដុល្លារអាមេរិក។
ការចាប់ខ្លួនបុរសទាំង៣នាក់នេះ បន្ទាប់ពីមានបណ្តឹងរបស់មនុស្សមួយក្រុមដែលអះអាងថាជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ។បុរសទាំង៣ នាក់ បានរងការចោទថា បានយក ឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងក្លែងបន្លំជាមន្ត្រីក្រសួងបរិស្ថាន ហើយបានប្រើឈ្មោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសម្ព័ន្ធយុវជនកម្ពុជា ក្នុងការរកស៊ីទិញលក់ដី ឲ្យអ្នកវិនិយោគបរទេស។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនបុរសឈ្មោះ សួន មាន បានយកឈ្មោះ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដើរបោកប្រាស់ទិញដីឲ្យអ្នកវិនិយោគបរទេស ដែលមានតម្លៃរាប់លានដុល្លារ (មិនមានដីឲ្យគេ) ។ចំណែកឈ្មោះ ហង្ស សុខា បានយកឈ្មោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសម្ព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ទៅបាំងក្នុងរឿងដើរទិញ លក់ដី និងឈ្មោះ ស៊ុន សុខហេង ដែលជាមេភូមិស្ទឹងឆាយ ដើរតួរអ្នករៀចំដី(ខ្យល់) លក់ឲ្យបរទេស ។
គេមិនទាន់ដឹងច្បាស់ថា បុរសទាំងបីនាក់នោះ បានប្រព្រឹត្តដូចការចោទប្រកាន់ពិតមែន ឬយ៉ាងណាទេ ? ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅរសៀលថ្ងៃទី១១ ខែមិថុនា នេះ តុលាការនឹងសម្រេចថាត្រូវឃុំខ្លួន ឬទម្លាក់ចោលការចោទប្រកាន់៕