រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍បើកសវនាការជាអសាធារណៈ ចំពោះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) មួយរូប។
គួរម្លឹកថា មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) មួយរូប ត្រូវបានលោក ជា សុខចាន់ដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
គួរបញ្ជាក់ថា លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ៕