កម្ពុជា​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី បង្ក​ឲ្យ​មាន​ខ្យល់ និង​ភ្លៀង ពីថ្ងៃ​ទី​១៤ ដល់​២២ ខែមិថុនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2016 ក+ ក-

អត្ថបទ​៖​លោក សុត្ថា​រ៉ូ​
​ភ្នំពេញ​៖ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ ប្រុងប្រយ័ត្ន​ពី​ការប្រែប្រួល​អាកាសធាតុ ខ្យល់មូសុង​និរតី ដែល​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា អាច​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​កម្ពុជា​។​
​ចាប់ពី​ថ្ងៃទី ១៤ ដល់ ២២ មិថុនា ឆ្នាំ​២០១៦​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ខ្យល់ មូសុង​និរតី ដែល​អាច​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​នៅ​ស្ទើរ​ទូទាំងប្រទេស ក្នុងនោះ​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ហើយ​តំបន់​វាលទំនាប នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ខណៈ​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់​ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​នេះ​បើតាម​ការជូន ដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ឆ្នេរ នឹង​នៅលើ​ផ្ទៃសមុទ្រ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ខ្យល់​បោកបក់​ខ្លាំង ក្នុង​តំបន់ឆ្នេរ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ២០ មិថុនា ឆ្នាំ​២០១៦​នេះ​។​

​ភ្លៀង​ដើមរដូវ​វស្សា​បានចាប់ផ្តើម​ធ្លាក់​នៅ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា ទន្ទឹម​នោះ បាតុភូត​ខ្យល់មូសុង​និរតី កាលពីពេល​ថ្មី​នេះ​បាន​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​តាម​បណ្ដា​ខេត្ត​មួយចំនួន ដោយឡែក នៅ​រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​បាន​បង្ក​ឲ្យ​ដើមឈើ​មួយចំនួន​ដួល​បាក់​រលំ​៕

3991c775-337d-442e-b1e8-46e8b4417721