រតនគិរី៖ប្រភពពីប្រជាពលរដ្ឋ នៅស្រុកវ៉ឺនសៃ បានឲ្យដឹងថា ឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ ទូច និងចែណាត ដែលមានទីលំនៅដ្ឋានក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅតែបន្តប្រើប្រាស់រថយន្តចំនួន២គ្រឿងដឹកជញ្ជូនឈើឆ្លងកាត់ក្រុងបានលុង យ៉ាងអនាធិបតេយ្យ ។
រថយន្តទី១ ម៉ាកវិហ្គោរ ពណ៌ស្ករពាក់ស្លាកលេខ២J.០៤៧៧ មួយគ្រឿងទៀតម៉ាក វិហ្គោ ពណ៌ស្ករពាក់ស្លាកលេខ២J.០៤៧៧ សមត្ថកិច្ចតូចតាចមួយចំនួនក៏បានបញ្ជាក់ដែរថាឈ្មួញឈ្មោះ ទូច និងឈ្មោះចែណាត បានដឹកឈើពីស្រុកវ៉ឺនសៃ ក្នុងតំបន់អភិរក្ស និងឧទ្យានជាតិវីរៈជ័យ ចូលមកលក់ចែកចាយតាមរោងសិប្បកម្ម នឹងលំនៅដ្ឋានរបស់ប្រពលរដ្ឋនៅក្នុងក្រុងបានលុង ដោយគ្មានញញើតអ្វីទាំងអស់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើក្នុងខេត្តរតនគិរី មួយចំនួនបានបង្ហើបឲ្យដឹងថាឈ្មួញឈ្មោះ ទូច និងចែណាត មានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកអូរជុំ គ្រប់គ្រងដោយលោក ជា កុរណា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំនឹងគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថានប័នទៀត ទើបអាចគេចផុតពីការបង្ក្រាប។ ដោយសារតែឈ្មួញឈ្មោះ ទូច និងចែណាត អាចបន្តដឹកជញ្ជូនឈើពីស្រុកវ៉ឺនសៃ ក្នុងតំបន់អភិរក្ស និងឧទ្យានជាតិវីរៈជ័យ តាមអំពើចិត្តបែបនេះហើយ ទើបបទល្មើសកាប់ឈើប្រណីតនិងឈើប្រភេទលេខ១ក្នុងតំបន់នោះបន្តកើតឡើងយ៉ាងរាលដាល។ ចំណែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចុចចូលជាច្រើនដងមិនមានអ្នកលើក។ ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ជូ ភ័ក្ត្រ មិនអាចសុំការបំភ្លឺបានទេដោយពុំមានលេខទូរស័ព្ទទាក់ទង ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកវ៉ើនសៃបានរិះគន់សមត្តកិច្ចជំនាញពាក់ព័ន្ធថាមិនបានចាត់វិធានការបង្ក្រាបឈ្មួញដុះស្លែឈ្មោះ ទូច និងចែណាត នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្ដោយឲ្យបទល្មើសនៅតែរាលដាលឥតឈប់ឈរ ។
ឈ្មួញរកស៊ីឈើក្នុងខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា ការដែលមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបឈ្មួញឈ្មោះ ទូច និងចែណាត គឺដោយសារឈ្មួញពីរនាក់ប្ដីប្រពន្ធនេះ បង់លុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នតាមលំដាប់លំដោយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីពាក់ព័ន្ធនិងសមត្ថកិច្ចខ្លះទទួលបាន៥០០០ដុល្លារ ៣៥០០ដុល្លារ ២០០០ដុល្លារ និង១៥០០ដុល្លារ ជាប្រចាំខែទើបមិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ទូច និងចែណាត ដែលកំពុងប្រើរថយន្តចំនួន២គ្រឿងដឹកជញ្ជូនឈើខុសច្បាប់យ៉ាង ពេញបន្ទុក។ បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើក្នុងស្រុកវ៉ឺនសៃ ក្នុងតំបន់អភិរក្ស និងឧទ្យានជាតិវីរៈជ័យ កំពុងកើតឡើងយ៉ាងមហន្តរាយ៕