អត្ថបទ៖ លោក ប្រុញ វិធិន
ក្រចេះ៖ក្រុមឆ្មាំទន្លេខេត្តក្រចេះ ដោយមានការដឹកនាំផ្ទាល់ពីលោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្ស និងជាតំណាងអោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ព្រមទាំងលោក ឈួន គឹមឈា អនុប្រធាននាយកដ្ខានកិច្ចការជលផល ។
កាលពីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៦នេះ បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទពេញមួយថ្ងៃ នៅក្នុងតំបន់គ្រប់គ្រង ការពារ និងជាកន្លែងអភិរក្សសត្វផ្សោត និងត្រីមេពូជ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលនិងជាប្រធានឆ្មាំទន្លេខេត្តក្រចេះ បានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានការចង្អុលបង្ហាញពីលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត ពិសេសក្រោម ការដឹកនាំផ្ទាល់ពីមន្ត្រីជលផលថ្នាក់កណ្តាល និងមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយប្រើប្រាស់ទូកម៉ាស៊ីនចំនួន៨គ្រឿង និងដោយមានការចូលរួមពីក្រុមឆ្មាំទន្លេ ព្រមទាំងកម្លាំងនគរបាលស្រុកពាក់ព័ន្ធ និងសហគមន៍នេសាទ សរុបចំនួន ៣០នាក់ ។
លោកប្រធានឆ្មាំ បានបន្តថា ក្នុងការចះុប្រតិបត្តិការខាងលើ គឺសមត្ថកិច្ចចម្រុះធ្វើការរឹបអូសបានមងដែលអ្នកនេសាទលួចដាក់តាមអន្លង់អភិរក្សហើយមានក្រលាធំពី ១០សមទៅ១៥សម បានចំនួន១៧ត្បូងនិងមានប្រវែងជិត១ពាន់ម៉ែត្រ ។
ជាមួយគ្នានេះដែរក៏បានធ្វើការនែនាំ អប់រំ និងធ្វើកិច្វសន្យាដល់អ្នកនេសាទដោយប្រើមងក្រលាតូចទំហំពី៣សមទៅ៦សម បានចំនួន០២ករណី ដោយមានមនុស្សប្រព្រឹត្តចំនួន០៣នាក់ ។
លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផល បានបញ្ជាក់ឲ្យដឹងថា ពេលនេះជារដូវបិទនេសាទ ដូច្នេះនៅក្នុងកន្លែងអភិរក្សផ្សោតទាំងអស់គឺច្បាប់មិនអនុញ្ញាតអោយប្រើប្រាស់ឧបករណ៍ឆក់ និងមងឡើយ ទោះជាក្រលាធំឬក្រលាតូចក៏ដោយ ព្រោះវាបណ្តាលអោយមានការប៉ះពាល់យ៉ាងដល់ការធ្វើចរាចរណ៍ចុះឡើងរបស់ផ្សោត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហ្វូងត្រីមេពូជផងដែរ ។
លោកអនុប្រធាននាយកដ្ឋានបានបន្តទៀតថា ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ និងត្រីមេពូជរបស់យើងអោយបានគង់វង្ស លោកបានជំរុញដល់ខណ្ឌរដ្ឋបាលជលផលក្រចេះ ជាពិសេសឆ្មាំទន្លេទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង ការការពារសត្វផ្សោតអោយបានស្ថិតស្ថេរគង់វង្ស ពិសេសត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត និងបង្ក្រាបបទល្មើសអោយ មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានេះដែរលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងសហគមន៍ នេសាទ សូមឲ្យបងប្អូនចូលរួមជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសនេសាទ និងត្រូវហ៊ាន រាយការណ៍ ផ្តល់ព័ត៏មានដល់មន្ត្រីមានសមត្ថកិច្ច នៅពេលប្រទះឃើញជនខិលខូចកំពុងប្រព្រឹត្តបទល្មើសនេសាទ ដើម្បីអោយសមត្ថកិច្ច និងមន្ត្រីជំនាញចុះអន្តរាគមន៍ទប់ស្កាត់និងបង្ក្រាបបទល្មើស បានទាន់ពេលវេលា ៕