ប៉ារីស៖អាជ្ញាធរបារាំងបានចាប់អ្នកគាំទ្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីចំនួន៣នាក់ដាក់គុក ខណៈ២០នាក់ផ្សេងទៀត ត្រូវបណ្តេញចេញពីប្រទេសបារាំង បន្ទាប់ពីបានបង្កហិង្សាជាមួយក្រុមអ្នកគាំទ្រក្រុមផ្សេងទៀតក្នុងព្រឹត្តិការណ៍ Euro 2016។ នេះបើយោងតាមសារព័ត៌មាន AP។
សារព័ត៌មានដដែលបញ្ជាក់ថា រហូតមកទល់ពេលនេះអាជ្ញាធរបារាំងបានចាប់ឃាត់ខ្លួនអ្នកគាំទ្រដែលបង្កហិង្សាទាំងពីរលើកបានចំនួន៣២៣នាក់ហើយ និងមានអ្នករងរបួសសរុប ៣៦នាក់ គិតចាប់តាំងពី Euro 2016 ចាប់ផ្តើមប្រកួតថ្ងៃទី១១ មិថុនាមក។
គួរបញ្ជាក់ថា កាលពីម្សិលមិញមានការប៉ះទង្គិចគ្នាជាលើកទី២ រវាងក្រុមអ្នកគាំទ្ររុស្ស៊ី អង់គ្លេស និងវ៉េលបានធ្វើអោយមានអ្នករងរបួស១៦នាក់ និងចាប់ឃាត់ខ្លួន៣៦នាក់នៅក្នុងទីក្រុង Lille ហើយក៏បានបញ្ជូនចូលគុក៣នាក់ និងបណ្តេញចេញពីប្រទេសបារាំង២០នាក់ ឈប់អោយមើល Euro 2016 ផងដែរ៕