មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​ចាប់​បទល្មើស​ សត្វព្រៃ ទំពារមិន​ដាច់ ប្រគល់​ឲ្យ​មេព្រៃ​ចាត់ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2016 ក+ ក-

 

ដោយ​៖ លោក ប . វិធិ​ន​
​ក្រចេះ​៖ មន្ត្រី​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា ជំរិត​ទារប្រាក់ ១​ពាន់​ដុល្លា​ពី​ឈ្មួញ​រកស៊ី​សត្វព្រៃ ក្រោយ​ពេលដែល​ឃាត់​រថយន្ត​លួច​ដឹក​សត្វព្រៃ​មួយគ្រឿង យកទៅ​ទុក​អស់​រយៈពេល​ជាច្រើន​ម៉ោង ប៉ុន្តែ​ដោយសារ​ចរចា​គ្នា​មិនត្រូវ ក៏​ចាប់យក​រថយន្ត​ទៅ​ទុក​នៅ​ទីស្នាក់ការ​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​ចំណុច​ភូមិ​ដី​សម្បទាន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​សេចក្ដី​រាយ​បាន​ឲ្យ​ដឹងថា មន្ត្រី​អង្គការ ការពារ បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ម្នាក់ ដែលមាន ឈ្មោះ ភឿន ប៊ុនធឿន ហៅ តូច ជា​នាយករង​ទី​២ នៃ​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា និង​បក្ខពួក​៦​នាក់​ផ្សេងទៀត បាន​ឃាត់​រថយន្ត​នោះ​ទុក តាំងពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ជំរឹត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ដឹក​សាច់​សត្វព្រៃ ចំនួន ៥​ពាន់​ដុល្លារ ជា​ថ្នូរ​ទៅនឹង​ការដោះលែង​។

​សេចក្ដីរាយការណ៍​បាន​បន្តថា ក្រោយពី​មានការ​ចរចា​គ្នា​រវាង​មន្ត្រី​អង្គការ ការពារ​បរិស្ថាន​រូប​នោះ និង​ខាង​ឈ្មួញ​រកស៊ី​សាច់​សត្វព្រៃ អស់​រយៈពេល​ជាច្រើន​ម៉ោង ប៉ុន្តែ​ប្រហែលជា​ចរចា​មិនត្រូវ​គ្នា ហើយ​បែកការណ៍ ទើប​មាន​ការចាប់​ឃាត់​រថយន្ត​ដឹក​សាច់​សត្វព្រៃ​យ៉ាង​ដូច្នេះ ចំណែកឯ​ម្ចាស់​បទល្មើស ក៏បាន​រត់​គេចខ្លួនបាត់​។

​ក្រោយ​ពេលដែល​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា ឃាត់​រថយន្ត​បទល្មើស​នោះ​ទុក​រួចមក ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ទាំង​រថយន្ត និង​វត្ថុ​តាំង ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​គ្រែ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូនទៅ​តុលាការ​ខេត្តក្រចេះ ដើម្បី​បន្ត​តាម​នីតិវិធី​។

​ដោយឡែក ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​នោះ បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក មន្ត្រី​អង្គការ ការពារ​បរិស្ថាន​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព​ដាក់​កុងត្រូលជជុះ និង​បើករថយន្ត​កាក់​ស្ទាក់​ចាំ​ចាប់​រថយន្ត​ដឹក​បទល្មើស​ផ្សេងៗ​ដោយ​ឯកឯង មិនដែល​ឃើញ​សហការ​ជាមួយ​មន្ត្រី​ជំនាញ អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ។

សូមជម្រាបថា កន្លងមក​ក្រុមមន្ត្រី​អង្គការ​មួយចំនួន​មានដូចជា​ខាង ការពារ​បរិស្ថាន​ជាដើម តែងតែ​ធ្វើ​សកម្មភាព​នៅតាម​ដងផ្លូវ​ជាតិ​លេខ ៧​អារ នៅ​ចំនុច​ដី​សម្បទាន ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដើម្បី​ជំរិត​ទារប្រាក់​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​បទល្មើស​ទាំងនោះ​យ៉ាង​ចាស់ៗ​ដៃ​តែម្ដង ដោយ​ថ្នូរ​ទៅនឹង​ការដោះលែង ឧទាហរណ៍​ដូចជា​ករណី​ខាងលើនេះ​ជាដើម​៕

b1b2b3b4b5