អាង​ស្តុក​ទឹក​បុរាណ​នៅ​ស្រុក​ឯក​ភ្នំ​ត្រូវគេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2016 ក+ ក-

អត្ថបទ​៖ លោក ប៉ សុផល​
​បាត់ដំបង​៖​អាង​បូរាណ​មួយកន្លែង​ឈ្មោះ​”​អាង​ភៀស​” ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ស្ថិត​ក្នុងភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ត្រូវបាន​ក្រុម​អ្នកមាន​លុយ​មួយចំនួន​បាន ឃុបឃិត​លួច​កាយ​ជា​រណ្តៅ​វាតទី​យក​ធ្វើជា​កម្មសិទ្ធិ តែ​ខាង​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​ក្នុង​រឿងនេះ​ទេ​។​
​យោងតាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ អាង​បូរាណ​ខាងលើ មាន​ទំហំ​រាប់ពាន់​ហិកតា​ស្ថិតក្នុង​តំបន់​ពីរ ជា​តំបន់​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​មិនមែនជា​កម្មសិទ្ធិ​របស់​នរណាម្នាក់​ឡើយ​។ តែ​ពេលនេះ​ត្រូវបាន​អ្នកមាន​លុយ​មួយចំនួន​ឃុបឃិត​គ្នា​លួច​ដាក់​អេស្កាវ៉ាទ័រ​កាយ​ជា​រណ្តៅៗ​វាតទី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះមក​មើល ឬ​ហាមឃាត់​ឡើយ​។​ការមិន​ចុះ​ហាមឃាត់​ករណី​ដែល​រំលោភ​យក​ដឺ​សាធារណៈ​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការចោទប្រកាន់​ទៅលើ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរជំនាញ​ក្នុង​ខេត្ត​ថា ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​ផ្តល់ឱកាស​ឲ្យ​គេ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​។​
​លោក ឆ​យ ឈឿង ដែល​ម្ចាស់​អេស្កាវ៉ាទ័រ កាយ​រណ្តៅ​នៅក្នុង​អាង​ភៀស​ដែលជា​អាង​បូរាណ​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១៩​មិថុនា​នេះ​ថា​៖ លោក​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​កាយ​ដី​អោយគេ​តែប៉ុណ្ណោះ ហើយ​ម្ចាស់​គេ​បាន​ប្រាប់ថា ជីក​ទុក​ចិញ្ចឹម​ត្រី​។​
​ឆ្លើយតប​នឹង​ករណីនេះ លោក ឡុង សុ​ភឺន អភិបាលស្រុក​ឯក​ភ្នំ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ថា ការកាយ​រណ្តៅ​ខាងលើនេះ គឺ​មិនមាន​ច្បាប់​អនុញ្ញាត​ទេ ហើយ​លោក​នឹង​ចាត់​អោយកម្លាំង​អធិការ​ស្រុក​ចុះទៅ​មើល​។​
​លោក ឡ​ម ឡាន អធិការរង​ស្រុក​ឯក​ភ្នំ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ក្រោយពី​បានទទួល​បទបញ្ជា​ពី​លោក​អភិបាលស្រុក​ភ្លាមៗ​នោះ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ដល់​កន្លែង​ទីតាំង​ល្មើស​ហើយ​បានអោយ​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ដើម្បី​ធ្វើ​ច្បាប់​សិន​បើ​ខាង​ស្រុក​អនុញ្ញាត​ចាំ​ធ្វើ​បន្តទៀត​៕

13index2