ដោយ៖ លោក វិធិន
ខេត្តក្រចេះ៖កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ វេលាម៉ោង១០ និង១៥នាទី កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តក្រចេះ ក្រោមការសម្របសម្រួលដោយលោក សោ វុទ្ធីព្រះរាជអាជ្ញារងសាលាដំបូង ខេត្តក្រចេះ បានចុះបង្គ្រាបទីតាំងថតចម្លងឌីសខុសច្បាប់មួយកន្លែង នៅម្ដុំក្រោយផ្សារសាមគ្គីក្រុងក្រចេះ ឋិតក្នុងក្រុងក្រចេះ។
ក្នុងកិច្ចប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងខាងលើនោះ សមត្ថកិច្ចចម្រុះ ក៏បានចាប់ឃាត់ខ្លួនម្ចាស់ទីតាំងអាជីវកម្មមួយនេះ ព្រមទាំងរឹបអូសបានសម្ភារៈ ជាគ្រឿងថតចម្លងស៊ីឌីព្រមទាំងស៊ីឌី ចំនួនជិត ២ពាន់បន្ទះ។
ម្ចាស់អាជីវកម្មដែលរងការចោទថា បានលួចធ្វើអាជីវកម្មលក់ជួលស៊ីឌី និងធ្វើអាជីវម្ម ថតចម្លងដោយខុសច្បាប់មានរយះពេលរាប់សិបមកហើយនោះ ឈ្មោះ គីម ម៉ូវ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។
បើតាមការលើកឡើងពីសមត្ថកិច្ច បានបង្ហើបប្រាប់ថា ការចុះបង្ក្រាបទីតាំងលក់ ជួល និងថតចម្លងស៊ីឌី ខុសច្បាប់នេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនផលិតកម្ម អាជីវកម្មស៊ីឌីក្នុងស្រុកមួយ។ ការចុះបង្ក្រាបទីតាំងជួល លក់ និងថតចម្លងស៊ីឌី របស់អាជ្ញាធរខេត្តក្រចេះនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពការចុះចាប់បង្ក្រាបជាលើកទី២ បន្ទាប់ពីមានទីតាំង ជួល លក់ និងថតចម្លងស៊ីឌីក្លែងក្លាយខុសច្បាប់មួយនៅស្រុកឆ្លូង ។ ដែលត្រូវបានសមត្ថកិច្ច ចុះចាប់បង្ក្រាបកាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ ដោយក្នុងនោះ សមត្ថកិច្ច ក៏បានចាប់ឃាត់ខ្លួន និងនាំខ្លួនម្ចាស់់អាជីវកម្មមួយនេះ មកតុលាការផងដែរ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ជនជាម្ចាស់ទីតាំងថតចម្លង ស៊ីឌី ខុសច្បាប់មួយកន្លែងនេះឈ្មោះគីម ម៉ូវ គឺក្រោយការឃាត់ខ្លួន ត្រូវបាននគរបាល បញ្ជូនខ្លួនទៅសាលាដំបូងនៅរសៀលថ្ងៃទី២១ ខែមិថុនា នេះដើម្បីបន្តចំណាត់ការ៕