រាជធានីភ្នំពេញ៖កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៣នាក់គ្រាដែលចុះត្រួតពិនិត្យទីតាំងកោសជប់ម៉ាស្សាមួយកន្លែងកាលពីរសៀលម្សិលមិញនៅផ្លូវលេខ២៩២ កែងផ្លូវ១០៥ និងផ្លូវលេខ១១៣ នៅក្នុង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២៣នាក់ ប្រុសចំនួន០៦នាក់ ពីបទលួចឆ្លងដែន ស្នាក់នៅ ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ដែលប្រករប រកស៊ី លក់កាហ្វេ កោសជប់ និងម៉ាស្សា នៅទីតាំងខាងលើ។
មន្ត្រីដដែលនេះបានចាត់ទុកថា ការគ្មានត្រួតពិនិត្យ ចំពោះទីតាំងអាជីវកម្ម ជនបរទេសទាំងនេះ គឺធ្វើឲ្យមានការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ប្រពៃណីរបស់ខ្មែរយ៉ាងខ្លាំង ពីព្រោះតាមការស្រាវជ្រាវនោះ ឃើញថា ទីតាំងម៉ាស្សានេះ បានលួចបង្កប់សេវាផ្លូវភេទផងដែរ។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ៕