រាជធានីភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខបានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ម៉ូតូ និងរថយន្តយ៉ាងសកម្ម នៅរាជធានីភ្នំពេញមួយគ្រួសារតែម្តង ដោយបានចាប់ខ្លួនបុរសជាកូន និងស្ត្រីជាម្តាយ ខណ:ឪពុក និងជាប្តីនោះ ដែលជាមេខ្លោងរៀបចំផែនការរត់គេចខ្លួនបាត់។
ប្រតិបត្តិការធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយឡោមព័ទ្ធ ផ្ទះសង់ថ្មីមួយកន្លែង ស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌសែនសុខលោក ម៉ក់ ហុង ឲ្យដឹងថា មុនឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនក្រុមប្លន់ទាំងនេះ គឺដោយសារតែពួកគេបានលួចម៉ូតូមួយគ្រឿង នៅតាមផ្លូវម៉ង់ឫទ្ធី ប៉ុន្តែស៊យម៉ូតូរបស់ជនរងគ្រោះ ចាប់ប្រព័ន្ធ GPS ទើបកម្លាំងនគរបាល តាមទៅបង្ក្រាបជាក់ស្តែងតែម្តង។
ក្រោយចូលឆែកឆេរនៅក្នុងផ្ទះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការនោះ កម្លាំងនគរបាលបានរកឃើញ និងដកហូតរថយន្តមួយគ្រឿង និងម៉ូតូ៣គ្រឿងផងដែរ៕