ខេត្តបន្ទាយមានជ័យ៖បើតាមការដកស្រង់ចេញពីសារព័ត៌មានក្នុងប្រទេសថៃឱ្យដឹងថាមានរថយន្តនីសាន់ ពណ៌ខ្មៅថៃ១គ្រឿង បានបើកក្រឡាប់ក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ខ្ចាយចេញសុទ្ធតែឈើគ្រញូងមានសរសេរអក្សរខ្មែរគេសង្ស័យជាឈើរបស់ឈ្មួញខ្មែរ ខណៈដែលរថយន្តបើកបុកបង្គោលភ្លើង១ដើមបាក់រាបដល់ដី សង្ស័យរថយន្តនោះបើករត់គេចពីការតាមចាប់របស់សមត្តកិច្ចថៃ ។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃដដែលបានឱ្យដឹងទៀតថា ក្រោយពីកើតហេតុ ភ្លាមគេឃើញមានមនុស្ស២នាក់ បើកទ្វាររត់ចេញពីក្នុងរថយន្តគេចខ្លួនបាត់បន្សល់រថយន្ត និងឈើគ្រញូងនៅកន្លែងកើតហេតុ ។ លុះបន្ទាប់មកគេសង្កេតឃើញតម្រួតថៃ និងមន្ត្រីជំនាញព្រៃឈើចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។ ក្នុងនោះគេឃើញក្នុងរថយន្តខាងលើ មានដឹកផ្ទុកឈើគ្រញូងមុខធំដែលត្រូវប៉ាន់ប្រមាណមានតម្លៃរាប់ម៉ឺនដុល្លារ ចំនួន៣០ដុំ ។
សេចក្តីរាយការណ៍ដដែរបន្តឱ្យដឹងទៀតថា ឈើគ្រញូងទាំងនោះ ត្រូវបានឈ្មួញដឹកចេញពីតំបន់ អភិរក្សឧទ្យានជាតិប៉ាងស៊ីដា ហើយក្នុងគោលបំណងដឹកឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា ។ ប៉ុន្តែជួបគ្រោះថ្នាក់អាក្រក់ក៏រងការក្រឡាប់រថយន្តនោះតែម្តង ។
ឈើគ្រញូង និងរថយន្តម៉ាកនីសាន់ត្រូវបានមន្ត្រីជំនាញព្រៃឈើថៃ ស្ទូចយកមករក្សាទុក នៅអង្គភាពព្រៃឈើណាងណាំសៃដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា បទល្មើសព្រៃឈើត្រូវបានប្រទេស ក្នុងតំបន់អាស៊ានចាត់ទុកថាជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ផងដែរ៕