​តំណាងរាស្ត្រ CNRP អាច​នឹងត្រូវ​បាត់បង់​ប្រាក់បៀវត្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋសភា កំពុងតែ​ពិភាក្សា​អំពី​ការដាក់ពិន័យ លើ​សមាជិកសភា​មកពី​គណ​កប្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូលធ្វើ​ការបំពេញ​តួនាទី របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ។ ចំណែក​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​សម្រេច​ឲ្យ​គណកម្មាធិការ​ហិរញ្ញវត្ថុ​សិក្សា​អំពី​បញ្ហា​តំណាងរាស្ត្រ CNRP ដែល​ទទួលបាន​ប្រាក់ខែ ហើយ​មិន​ចូលធ្វើ​ការងារ​នេះ​ផងដែរ ។​
​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់ថា បើ​សមាជិកសភា មកពី​បក្សប្រឆាំង នៅតែ​បន្តធ្វើ​បែបនេះ រដ្ឋសភា​អាច​នឹង​ពិចារណា ផាកពិន័យ ដូចជា មិនឱ្យ​ចូលរួម​ប្រជុំ ការ​កាត់​ប្រាក់ខែ និង​ដកហូត​រថយន្ត​ត្រឡប់មកវិញ​ជាដើម​។​
​សមាជិកសភា​មកពី​គណ​កប្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ស្វែងរក​ការចាប់ខ្លួន លោក កឹម សុខា បន្ទាប់ពី​ប្រធានស្តីទី​គណបក្សប្រឆាំង​មួយ​នេះ អវត្តមាន​ក្នុង​ការចូល​បំភ្លឺ​ជូន​តុលាការ ក្នុងនាម​ជា​សាក្សី​ក្នុង​រឿង​សញ្ជារកម្ម ។​
​គួរ​បញ្ជាក់ថា ជា​បន្តបន្ទាប់​មកនេះ តំណាងរាស្ត្រ CNRP បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​របស់លោក កឹម សុខា ដែល​ឈានដល់​ការអនុវត្ត​និតិ​វិធី​របស់​តុលាការ​ថែមទៀត ៕

fn-2016-06-27-09-27-20-0