ខេត្តឧត្តរមានជ័យ៖ពលរដ្ឋខ្មែរ២១នាក់ ឆ្លងដែនខុសច្បាប់ ត្រូវបានក្រុមអាជ្ញាធរថៃធ្វើការឃាត់ខ្លួន បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជុាំ កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៦។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិជុាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពលរដ្ឋខ្មែរដែលក្រុមអាជ្ញាធរថៃ ឃាត់ខ្លួននាំមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាបានឲ្យដឹងថា ដោយសារតែពួកគាត់ទាំងអស់គ្នា មានជីវភាពក្រីក្រពេក ហើយរកការងារធ្វើនៅក្នុងស្រុកមិនបានទើបសម្រេចចិត្ត ធ្វើជាសំណាក់ស្រុក ចូលតាមមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅរកការងារនៅឯប្រទេសថៃ។
ពលរដ្ឋទាំងនោះបានបញ្ចាក់ថា ពេលទៅដល់ខេត្តសមុទ្របាកានប្រទេសថៃ ស្រាប់តែតម្រួតថៃឃាត់ខ្លួននៅថ្ងៃទី២៥មិថុនា២០១៦ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ក្រុមអាជ្ញាធរថៃបានញ្ជូនមកប្រទេសកម្ពុជាវិញ។
មន្ត្រីក្រុមការងារមាត់ច្រកទ្វារអន្តរជាតិជុាំ បានឲ្យដឹងថា ពលរដ្ឋ២១នាក់ដែលអាជ្ញាធរថៃនាំមកប្រគល់ឲ្យអាជ្ញាធរកម្ពុជានោះ គឺមកពីខេត្តស្ទឹងត្រែង០៥នាក់ មកពីខេត្តសៀមរាប០៨នាក់ មកពីខេត្តកំពង់ចាម០២នាក់ មកពីខេត្តបន្ទាយមានជ័យ០៣នាក់ មកពីខេត្តបាត់ដំបង០១នាក់ មកពីខេត្តតាកែវ០២នាក់ សមត្ថកិច្ចបានធ្វើការអប់រំ រួចឲ្យពួកគាត់វិលត្រឡប់ទៅឯស្រុកកំណើតវីញនារថ្ងៃដដែល៕