រាជធានីភ្នំពេញ៖កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង សៀង សុខ បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩៣នាក់ដែលរស់នៅខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះនៅបន្ទប់ផ្ទះជួលស្ថិតនៅភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងថា ជនជាតិវៀតណាមដែលឃាត់ខ្លួនចំនួន៩៣នាក់ ក្នុងនោះមានស្រី៣៤នាក់ ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅគ្មានលិខិតឆ្លងដែន។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តការសួរនាំបន្តទៀត ចាត់ការតាមនីតិវិធី៕