រាជធានីភ្នំពេញ៖ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកកាប់ប្រហារលើបុរស២នាក់យ៉ាងសាហាវបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ ខណៈជនរងគ្រោះកំពុងដើរទៅផ្សារ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១៩ និង៥០នាទីព្រលប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារកាណាសីធី ស្ថិតក្នុងភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ភូមិត្រពាំងកណ្តាល ឃុំមឺនជ័យ ស្រុករំដួល ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ និងម្នាក់ទៀត ឈ្មោះ សោម ពិស័យ ហៅអេង អាយុជាងសាមសិបឆ្នាំ មានស្រុកកំណើតជាមួយគ្នា (របួសស្រាល) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគ្លីនិកអង្គរ។
បើតាមសំដីអ្នកដែលឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដើរចេញពីបន្ទប់ជួល ក្នុងបំណងមកផ្សារ កាណាសីធី លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ C125 ពណ៌ខ្មៅ ២គ្រឿង មិនចាំសេរី និងស្លាកលេខមកដល់ក៏កាប់មកលើ ជនរងគ្រោះពីក្រោយចំកញ្ចឹង-ក បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់ទៀត ត្រូវខ្នងបណ្តាលឲ្យរបួសស្រាល។
បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ កំពុងសហការជាមួយកម្លាំងការិយាល័យល័យជំនាញ ដើម្បីស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។ ក្រោយកើតហេតុ សពត្រូវបានខាងជំនាញចុះមកធ្វើកោសល្យវិច្ច័យ និងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃពីនៅស្រុកកំណើត៕