ដោយ៖ប្រុញ វិធិន
ក្រចេះ៖អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក កៅ ផល បានស្នើសុំដល់ប្រជាពលរដ្ឋឲ្យបង្កើនការចិញ្ចឹមគោពូជឲ្យច្រើន ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារសង្គម និងខិតខំការងារបង្កបង្កើនផលកសិកម្មរបស់ខ្លួនអោយទាន់រដូវវស្សាឆ្នាំនេះ ។
លោកថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងដំណើរអញ្ចើញចុះត្រួតពិនិត្យស្រែកសិករ និងផ្ដល់ការចាក់ថ្នាំវ៉ាក់សាំងសត្វគោ/ក្របីជូនប្រជាកសិករ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងដោយមានអមដំណើរពីលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ព្រមទាំងក្រុមារងារជាច្រើនរូបទៀត ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តក្រចេះបាឲ្យដឹងថា ការងារបង្កបង្កើនផលដំនាំស្រូវវស្សា ក្នុងឆមាសទី១ ដើមឆ្នាំ២០១៦នេះ សម្រចបាន ស្រូវវស្សាអនុវត្តបានចំនួន ៤.៤៤២ ហ.ត ស្មើនឹង ១៣.៤៦% នៃផែនការ ៣៣ពាន់ហិកតា ប្រៀបធៀបឆមាសទី១ ដើមឆ្នាំ២០១៥ លឿនជាង ២.២៤៥ ហ.ត ។ ការងារភ្ជួររាស់ដីស្រែវស្សា បានចំនួន ២១.៣៦៩ ហ.ត ធៀបនឹងឆ្នាំ២០១៥ ច្រើនជាង ២.២១២ ហ.ត និងការងារភ្ជួររាស់ដាំដុះដំណាំរួមផ្សំ បានចំនួន ៦៥.០៦៩ ហ.ត ធៀបនឹងឆ្នាំ២០១៥ ច្រើនជាង ៣.៨៩២ ហ.ត ។
ចំណែកឯការងារផលិតកម្ម និង បសុព្យាបាល មន្ទីរសម្រេចបានលទ្ធផលល្អ ជាបន្តបន្ទាប់ ជាពិសេសការទប់ស្កាត់ជំងឺឆ្លងនានា ធ្វើឲ្យអត្រាសតវឈឺស្លាប់ មានកម្រិតថយចុះ ។ ជាក់ស្ដែង ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ ស្ថិតិគោ/ក្របីងាប់ មានការថយចុះ ជាង ឆ្នាំ២០១៥ ហើយកសិករចាប់ផ្ដើមកែលំអរពូជគោជាបណ្ដើរៗ ពីការចិញ្ចឹមគោពូជប្រពៃណី មកចិញ្ចឹមគោពូជយកសាច់ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា ពូជប្រាម៉ាន់ និង ពូជសាន់តា ជាដើម។
លោកអនុរដ្ឋលេខាធិការក៏បានធ្វើការផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាប្រញាប់ទៅមន្ត្រីបសុពេទ្យសត្វភូមិ និងមន្ត្រីជំនាញមន្ទីរកសិកម្មខេត្ត ពេលដែលគោ ឬក្របីមានអាការៈខុសប្លែកពីធម្មតា ឬងាប់ ដើម្បីចុះពិនិត្យ និងជួយព្យាបាលបានទាន់ពេលវេលា ។
ទន្ទឹមនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋធ្វើការផ្លាស់ប្ដូរមុខរបរពីការចិញ្ចឹមគោពូជធម្មតា មកចិញ្ចឹមគោពូជយកសាច់ ជាពិសេសគោញីពូជ ដើម្បីបង្កើនស្ថិតិគោផង បង្កើនសេដ្ឋកិច្ចគ្រួសារផង និងដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារផងដែរ៕