ដោយ៖ប៉ែន សុផល
បាត់ដំបង៖ខណៈរដូវវស្សាឈានចូលមកដល់ ប្រជាកសិកររស់នៅក្នុងឃុំអន្លង់វិល បានព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើង ពីរណ្ដៅដីធំៗជាច្រើនកន្លែងដែលត្រូវក្រុមឈ្មួញជីកធ្វើអាជីកម្ម ហើយកំពុងបាក់ស្រុត និងរាលបាក់ដាច់ផ្លូវធ្វើដំណើរប៉ះពាល់ដល់សុវត្ថិភាពមនុស្ស សត្វ និងស្រែស្រូវនៅតំបន់នោះយ៉ាងធ្ងន់ធ្ងរ។
ប្រជាកសិករក្នុងភូមិចំនួន២ រួមមានភូមិស្ពង់ ភូមិអូរមុនី ក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានសំដែងការភ័យព្រួយពីមហន្តរាយដែលកើតចេញពីការបាក់ស្រុតដីដែលបណ្តាលមកពីមន្ត្រីអាជ្ញាធរបានស៊ុំគ្រលំបណ្តែតបណ្តោយឲ្យឈ្មួញ ជីកជ្រៅហួសកម្រិតបទដ្ឋានតាមអំពើចិត្ត។
ក្រុមប្រជាពលរដ្ឋបាននិយាយថា រណ្តៅដីមានទំហំធំៗ និងជ្រៅៗ ដែលឈ្មួញបានសម្រុកជីកយ៉ាងគំហុកដើម្បីយកអាចម៍ដីលក់កន្លងមក បានបណ្តាលអោយបាក់ដីជាបណ្ដើរៗ ប៉ះពាល់ដល់តួផ្លូវដែលប្រជាកសិករធ្លាប់ឆ្លងកាត់ទៅមក ពិសេសទៅកាន់ទីស្រែរបស់ពួកគាត់។
ប្រជាពលរដ្ឋបានបន្ដថា ក្រៅពីក្តីព្រួយបារម្ភខាងលើ រណ្តៅដែលក្រុមឈ្មួញជីកក្នុងជម្រៅជ្រៅពី២០ទៅ៣០ម៉ែត្រ និងមានទំហំធំចាប់ពី៥០x១០០ម៉ែត្រ ឬពី៧០ម៉ែត្រx២០០ម៉ែត្រ បានប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ទឹកក្នុងស្រែដែលនៅជាប់គ្នាព្រោះរណ្តៅដីជ្រៅជាងស្រែរហូតដល់២០ទៅ៣០ដង ដូចនេះទឹកវានឹងជ្រាប ឬហូរធ្លាក់ទៅកាន់ទីទាបគឺក្នុងរណ្តៅដីទាំងនោះអស់ជាមិនខាន។ ម្យ៉ាងទៀតបញ្ហាភ័យព្រួយដ៍ធំមួយផ្នែកទៀតខ្លាចក្មេងៗសិស្សានុសិស្ស ឬសត្វគោ ក្របីរអិលធ្លាក់ គឺមិនអាចជួយសង្គ្រោះទាន់ពេលឡើយ។
ប្រភពពត៌មានដដែលបានអោយដឹងដែរថា ក្នុងទីតាំងរណ្តៅដីក្នុងភូមិស្ពង់ ជីកដោយថៅកែ ឈ្មោះ លាភ រីណា ចំណែកថៅកែម្នាក់ទៀត ជីកក្នុងទីតាំងភូមិអូរមុនី មានថៅកែ ឈ្មោះ ហ៊ួយ សុងហេង ដែលត្រូវគេដឹងថាមិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវនៅឡើយទេ ប៉ុន្តែបានបំពានដាក់គ្រឿងចក្រចុះជីកដីបន្តបន្ទាប់ហូតមក គ្មានសមត្ថកិច្ចជំនាញ ឬមន្ត្រីអាជ្ញាធរមានវិធានការទប់ស្កាត់នោះឡើយ។
ឆ្លើយតបនឹងបញ្ហាការភ័យព្រួយរបស់ប្រជាពលរដ្ឋនេះលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានអោយដឹងថា ចំពោះក្រុមហ៊ុនជីកដីទាំងពីរមានក្រុមហ៊ុនមួយឈ្មោះ ហ៊ួយ សុងហេង មិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ ហើយកន្លងមក មន្ត្រីជំនាញធ្លាប់បាន ហៅឲ្យមកធ្វើច្បាប់ម្តងជាពីរដង តែគេចវេសរហូត រីឯអាជ្ញាធរមូលដ្ឋានហាក់មិនបានយកចិត្តទុកដាក់លើបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទេ ។
ចំណែកលោក គឹម វណ្ណៈ អភិបាលស្រុកសង្កែ បានបញ្ជាក់ថា បញ្ហាដែលកើតមាននេះលោក បានធ្វើមួយជំហានហើយ ហើយនៅថ្ងៃស្អែកនេះលោកនឹងចាត់អោយមន្ត្រីជំនាញចុះទៅពិនិត្យបន្តទៀត៕