ខេត្តបាត់ដំបង៖ដោយខឹងនិងតូចចិត្តចំពោះម្តាយជេរស្តីខ្លាំងពេលយុវជនម្នាក់ក៏សម្រេចចិត្តយកថ្នាំពុលផឹកអស់១កំប៉ុងត្រីខរងការពុលយ៉ាងធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនខេត្តបាត់ដំបងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ហើយក្រុមគ្រូពេទ្យធ្វើការជួយសង្គ្រោះភ្លាមៗនោះដែរ។
ប៉ុន្តែស្ថានភាពយុវជននោះកាន់តែធ្ងន់ខ្លាំង ទៅៗ ត្រដរខ្យល់អន្ទះអន្ទែងថ្នាំពុល ជ្រួតជ្រាបក្នុងខ្លួនខ្លាំងគ្រូពេទ្យអស់លទ្ធភាព មិនអាចព្យាបាល និងគ្មានសង្ឃឹម។ គ្រូពេទ្យសម្រេចឱ្យក្រុមគ្រួសារដឹកតាមរថយន្តពេទ្យទៅផ្ទះវិញរង់ចាំរៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី។
យុវជនមានឈ្មោះ ទឹក ម៉ៅ អាយុ១៧ឆ្នាំ ប្រកបមុខរបរធ្វើចំការ រស់នៅក្នុងភូមិត្រាងកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជុំវិញនៃការធ្វើអត្តឃាតលេបថ្នាំពុលសម្លាប់ខ្លួនឯង បើតាមការបញ្ជាក់ឱ្យដឹងពីម្តាយយុវជនខាងលើប្រាប់ថា នៅវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែកក្កដា មុនពេលកើតហេតុគឺគាត់បានជេរស្តីបណ្តូសកូនខ្លាំង។ថាខ្ជិលទៅបាញ់ថ្នាំស្មៅចំការដោយឱ្យឪពុកទៅបាញ់ស្មៅជំនួសវិញ។ កូននោះក៏ខឹងហើយវាក៏ទៅផឹកស្រា ទំនងជាស្រវឹង ក៏លួចថ្នាំពុលបាញ់ស្មៅផ្ទះអ្នកជិតខាងយកមកផឹកនៅក្បែររបងផ្ទះគាត់ក៏មិនដឹងនោះដែរ។ ក្រោយមកថ្នាំពុលធ្វើទុក្ខបានស្រែកឱ្យគេជួយ ទើបមានការភ្ញាក់ផ្អើលថាកូនលេបថ្នាំពុលសម្លាប់ខ្លួន។ឃើញបែបនេះក្រុមគ្រួសារក៏ដឹកបញ្ជូនតាមរថយន្តរបស់មណ្ឌលសុខភាពឃុំត្រាង មកកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនតែម្តង ។ លុះមកដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យថា គ្មានសង្ឃឹម ក៏ត្រូវដឹកយុវជនខាងលើត្រឡប់ទៅផ្ទះវិញ ហើយក៏ដាច់ខ្យល់ស្លាប់តាមផ្លូវនៅពេលដឹកបញ្ជូនទៅផ្ទះវិញនោះ៕
តូចចិត្តនឹងម្តាយជេរស្តីច្រើនពេកផឹកថ្នាំពុលសម្លាប់ខ្លួន