រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្អាកសាវនាការជាបណ្តោះអាសន្នលើសំណុំរឿងលោក នី ចរិយា អតីតមន្ត្រីជាន់ខ្ពស់អាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប ដោយទុកព រយៈពេល១ខែឲ្យជនជាប់ចោទប្តឹងដិតចិត្តទៅសាលាឧទ្ធរណ៍។
ការសម្រេចបែបនេះធ្វើឡើងបន្ទាប់ពីជនជាប់ចោទបានទាមទារឱ្យចៅក្រមជំនុំជម្រះកោះហៅដើមបណ្តឹងមកតទល់មុខគ្នានៅក្នុងសវនាការ។ ទន្ទឹមនោះ លោក នី ចរិយា បានស្នើឱ្យតុលាការរង់ចាំការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាមុនសិន ព្រោះក្រោយពីមានពាក្យបណ្តឹងរបស់ចៅក្រម និងតំណាងអយ្យការនៃតុលាការខេត្តសៀមរាបមក លោកក៏បានប្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនទាន់មានសេចក្តីសម្រេចលើករណីនេះទេ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ កក្កដា ២០១៦ នេះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ទោសលោក នី ចរិយា អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ដែលដឹកនាំដោយលោក ឃី ឆៃ ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ៕