រាជធានីភ្នំពេញ៖ស្ត្រីជាអ្នកចម្រៀងតាមភោជនីយ៍ដ្ឋានម្នាក់ត្រូវបានប្តីច្របាច់កសម្លាប់ចោលនៅក្នុងបន្ទប់ប្លន់យកគ្រឿងអលង្ការ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ ហេតុការណ៍នេះកើតឡើងនាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួលផ្ទះលេខ ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អធិការខណ្ឌលោក តេង ស៊ីណូ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ត់ រី ភេទស្រី អាយុ២៦ឆ្នាំ ហៅក្រៅឈ្មោះ គុណ មានមុខរបរអ្នកចម្រៀង ភូមិព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនសង្ស័យត្រូវជាប្តីមានឈ្មោះ អាស្តើង ហៅក្រៅភា ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្តដឹកឈើនៅខេត្តកំពង់ស្ពឺស្នាក់នៅជាមួយប្រពន្ធនៅភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបានរួមរស់ជាមួយគ្នាអស់រយៈពេល៤ឆ្នាំមកហើយ។
ប្រភពបញ្ជាក់ថា នៅលើខ្លួនជនរងគ្រោះគឺបានបាត់ចញ្ចៀនមាស១ខ្សែកមួយខ្សែ និងលុយចំនួនមួយលានរៀល។ ក្រោយពីពេលត្រួតពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញបានកំណត់ថា គឺជាករណីច្របាច់កសម្លាប់ពិតមែន។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅឯភូមិព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកប្តីចិត្តអប្រិយបានរត់គេចខ្លួនបាត់៕