ខេត្តព្រះសីហនុ៖សាកសពបុរសកំបុតក្បាលម្នាក់ដែលហើមស្អុយរលេះរលួយត្រូវបានអ្នកស្រុកប្រទះឃើញអណ្តែតក្នុងទឹកស្រះខណៈក្បាលសាកសពគេបានឃើញមានខ្សែនីឡុងពណ៌សចងព្យួរនឹងមែកដើមឈើអាកាស្យាមានកម្ពស់ប្រហែល៥ម៉ែត្រនៅពីលើកន្លែងប្រទះឃើញដងខ្លួនសាកសព។
តាមការសន្និដ្ឋានសាកសពជនរងគ្រោះបានស្លាប់ដោយចងកធ្វើអត្តឃាតដោយខ្លួនឯងជាច្រើនថ្ងៃមកហើយរហូតដល់ហើមរលួយដាច់ត្រឹមកធ្លាក់ខ្លួនមកក្នុងទឹកស្រះតែម្តង។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលពេញភូមិនិងដឹងដល់ក្រុមសមត្ថកិច្ចមូលដ្ឋាននេះបានកើតមានឡើងនៅវេលាម៉ោងប្រមាណ៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះនៅចំណុចព្រៃក្រោយផ្ទះរបស់ជនរងគ្រោះប្រហែល២០០ម៉ែត្រស្ថិតក្នុងក្រុមទី៤ភូមិបែកក្រង់ឃុំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាសាកសពជនរងគ្រោះមានឈ្មោះកែវ សុខ ភេទប្រុសអាយុ៣១ឆ្នាំ បើយោងតាមការបំភ្លឺរបស់អាណាព្យាបាលសពបានប្រាប់ថាកូនរបស់គាត់មានជំងឺសរសៃប្រសាទហើយបានបាត់ពីផ្ទះតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថាជនរងគ្រោះបានចងកសម្លាប់ខ្លួនមានរយៈពេលជាច្រើនថ្ងៃមកហើយ ហើយសាកសពឡើងស្អុយរលួយរឡេះបានដាច់ត្រឹមក ធ្លាក់ដងខ្លួនចូលក្នុងទឹកបែបនេះ។ បច្ចុប្បន្នសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕