រាជធានីភ្នំពេញ៖នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះ មានកម្មកររោងចក្រជិត១០០នាក់ បានប្រមូលផ្តុំគ្នាលើកបដាស្រែកតវ៉ា សុំឱ្យតុលាការជួយអន្តរាគមន៍ចេញដីការក្សាការពាររោងចក្រយីហោ «ជុងហ្វៃ នីត វៀរ អេហ្វធីវ៉ាយអិលធីឌី» ដែលក្ស័យធុន ដោយមិនបើកប្រាក់ខែជូនពួកគាត់ ។
រោងចក្រខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិព្រែតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ហើយសព្វថ្ងៃ គឺមានកម្មករជាច្រើនមកដេកយាមនៅក្នុងរោងចក្រទាំងថ្ងៃទាំងយប់ ដោយសារតែឮដំណឹងថា ភាគីថៅកែ បានកំពុងព្យាយាមរកឱកាសដឹកគ្រឿងបរិក្ខាចេញពីក្នុងរោងចក្រ ដើម្បីគេចវេស ពីការបើកប្រាក់ខែឲ្យកម្មករ។
កម្មករដែលចូលរួមក្នុងការទាមទារក្នុងនោះបានបញ្ជាក់ថា ពួកគាត់មានការម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន ទើបលើកគ្នាមកសុំឱ្យសាលាដំបូង សុំឱ្យចេញដីការក្សាការពាររោងចក្រ ហាមឃាត់ជាបណ្តោះអាសន្ន ការលក់ ការផ្ទេរ ការដឹកជញ្ជូន ការជួល ការបញ្ចាំ ឬការធ្វើអំណោយនូវសម្ភារជាចលនវត្ថុ និងអចលនវត្ថុទាំងអស់របស់រោងចក្រខាងលើ ខណៈថៅកែមិនបើកប្រាក់ខែជូនពួកគាត់ដែលកំពុងប្រឈមការលំបាកខាងជីវភាព៕