ឃាត់ខ្លួន​​វៀតណាម​១៣​នាក់​ដែល​ជិះ​ម៉ូតូ​ស្លាក​លេខ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2016 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់ (​ស្រី​ម្នាក់​) ពីបទ​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ​វៀតណាម​ចំនួន​១១​គ្រឿង ដើរ​លក់​តង់ និង​ប្រើប្រាស់​ទិដ្ឋាការ​ខុស​ទិសដៅ​។​
​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់ ថ្ម​ត្រជាក់ ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
​ប្រធាន​នាយកដ្ឋាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អន្ត​វត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សិលា បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងអស់​ត្រូវបាន​បញ្ជូន​មក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើការ​បណ្តេញចេញ​ឲ្យ​ទៅ ប្រទេស​របស់ខ្លួន​វិញ​។​
​គួរ​បញ្ជាក់ថា ជនបរទេស​ទាំងឡាយ ដែល​ប្រើប្រាស់ មធ្យោបាយ​ធ្វើដំណើរ មិនមែនជា​ស្លាក​លេខ​របស់​កម្ពុជា ត្រូវធ្វើ​ការទាក់ទង​ទៅ​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​បណ្តា​ច្រកទ្វារ​អន្តរជាតិ​នៃ​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​ប្រើប្រាស់​ទិដ្ឋាការ​ឲ្យ​ចំ​ទិសដៅ​៕

fn-2016-07-22-22-20-49-4