ដោយ៖ប៉ែន សុផល
បាត់ដំបង៖នារីវ័យក្មេងម្នាក់ដែលជាមុខសញ្ញាចោរកម្ម ត្រូវបានក្រុមតម្រួតថៃឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីមានការស្រែកឆោរឡោ និងធ្វើអោយមានការភ្ញាក់ផ្អើល ដោយសារតែមានករណីចោរឆក់ខ្សែក និងលួចកាបូបលុយនៅក្នុងផ្សារថៃ ជាប់នឹងព្រំប្រទល់ស្រុកសំពៅលូន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកម្ពុជា ដែលបានត្រឹមតែចូលទៅយករបាយការណ៍បានអោយដឹងថា នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងផ្សារខៅឌិន ក្បែច្រកតំបន់គីឡូ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងគឺមានការឃាត់ខ្លួនជនសង្ស័យម្នាក់ពីសំណាក់តម្រួតថៃ ដែលជនសង្ស័យនោះមានឈ្មោះ សារី ភាស់ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅជិតវត្តអូរជុំ ដែលបានធ្វើសកម្មភាពលួចយកកាបូបលុយរបស់ឈ្មោះ យ៉ុង មួយអៀង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ហើយបានបន្តទៅឆក់ខ្សែ ក ផ្លាទីនរបស់ឈ្មោះ ថន ស្រីលន់ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិត្រាវជូរ ។
បន្ទាប់ពីកំលាំងតម្រួតថៃបានធ្វើការឃាត់ខ្លួននារីវ័យក្មេងដែលជាមុខសញ្ញាចោរកម្មរួចមក គឺជនរងគ្រោះទាំងពីរបានរៀបរាប់ថា ខ្សែ ក មួយខ្សែនេះមានតំលៃ ២០០០ បាតតែប៉ុណ្ណោះ ដោយឡែកម្ចាស់កាបូបបានបញ្ជាក់ថា នៅក្នុងកាបូបនោះគឺមានលុយចំនួន៣៧ម៉ឺនរៀល ២៨០ បាត ។
នៅពេលនោះដែរ។ សមត្ថកិច្ចបានឆែកឆេរទៅលើខ្លួនប្រាណជនសង្ស័យ បនារកឃើញលុយចំនួន ៤១ ម៉ឺន ៣ពាន់រៀល ដោយក្រោយពីបានត្រួតពិនិត្យរួចមក កំលាំងតម្រួតថៃមិនទាន់ប្រគល់មុខសញ្ញារូបនេះមកអោយសមត្ថកិច្ចកម្ពុជាឡើយ ដោយគេបាននាំខ្លួនដកា់រថយន្តដឹកបញ្ជូនទៅអធិការដ្ឋានសិនដើម្បីសាកសួរបន្ត៕
តម្រួតថៃឃាត់ខ្លួនចោរស្រី ដែលឆក់កាបូប ខ្សែក ក្នុងផ្សារថៃ