ហ្វីលីពីន៖ស្នងការប៉ូលិសប្រចាំទីក្រុងម៉ានីលលោក Oscar Albayalde បានប្រាប់សារព័ត៌មាន AFP ថា មន្ត្រីប៉ូលិសជាន់ខ្ពស់ចំនួន០៩រូប និងប៉ូលិសជាន់ទាបចំនួន៤០នាក់ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន ប៉ុន្តែនៅតែទទួលបានប្រាក់បៀវត្សរ៍ ជាធម្មតាដដែល ខណៈការស៊ើបអង្កេតទៅ លើហេតុការណ៍ បើកបំបុក និងកិនក្រុមបាតុករនេះ កំពុងតែប្រព្រឹត្តទៅ។
ដោយឡែកអគ្គស្នងការនគរបាលជាតិហ្វីលីពីនលោក Ronald Dela Rosa បានថ្លែងឲ្យដឹងថា លោកខកចិត្តនិងខឹងសម្បាជាខ្លាំង ចំពោះអ្វីដែលបានកើតឡើងដោយហេតុថា បើយោងទៅតាមគោលការណ៍របស់សមត្ថកិច្ច កងកម្លាំងប៉ូលិស ត្រូវបានណែនាំយ៉ាងតឹងរ៉ឹងបំផុតឲ្យធ្វើយ៉ាងណាប្រើប្រាស់ការ អត់ធ្មត់ជាអតិបរមា នៅក្នងការប្រមូលផ្តុំជាសាធារណៈបែបនេះ។
គួរបញ្ជាក់ថា ក្រុមប្រមាណ១,០០០នាក់កាលពីថ្ងៃពុធបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនតវ៉ាប្រឆាំងនឹងវត្តមានកងទ័ពអាមេរិក នៅលើទឹកដីហ្វីលីពីន ហើយក៏មានការប៉ះទង្គិចគ្នា ប៉ូលិសបើករថយន្តបំបុកចូលក្នុងហ្វូងបាតុករ និងកិនមនុស្សចំនួនបីនាក់ ប៉ុន្តែមិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតនោះឡើយ៕