អាមេរិក៖មន្ត្រីល្បាតផ្លូវហាយវ៉េនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកលោក ស្ទេហ្វានី ហាមីលតុន បានប្រាប់កាសែតឌីស៊ើតសាន់កាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច១៣នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្តក្រុងទេសចរណ៍បានបើកបុកគ្នាជាមួយរថយន្តធំនៅលើផ្លូវមួយកន្លែងនៅជិតទីក្រុងផាមស្ព្រីងក្នុងរដ្ឋកាលីហ្វ័រញ៉ា។
កាសែតនេះបានរាយការណ៍ថា សាកសពមួយចំនួនកំពុងត្រូវបានក្រុមអ្នកជួយសង្គ្រោះទាញយកចេញពីបំណែកបាក់បែករថយន្តតាមរយៈជណ្ដើរដែលគេប្រើដើម្បីឡើងតាមបង្អួចរថយន្ត ខណៈអ្នកដំណើរក្នុងរថយន្តក្រុងយ៉ាងតិច៣១នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក រិច រ៉េមហូហ្វ ជាគ្រូពេទ្យនៅមណ្ឌលសុខភាពនៅតំបន់ឌីស៊ើត នៅក្នុងទីក្រុងផាមស្ព្រីងបាននិយាយថា មន្ទីរពេទ្យរបស់លោកបានទទួលអ្នករបួសចំនួន១៤នាក់ហើយក្នុងនោះមានមនុស្សចំនួន៥នាក់របួសធ្ងន់ធ្ងរ ៣នាក់ទៀតរបួសមធ្យម ហើយ៦នាក់ទៀតរងរបួសស្រាល។
ទោះជាយ៉ាងណាគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ហើយរថយន្តក្រុងប្រហែលជាធ្វើដំណើរត្រឡប់មកពីកាស៊ីណូរ៉េដអ៊ើស នៅជិតតំបន់សាល់តុនស៊ី នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានេះ៕