ប៉ាគីស្ថាន៖សារព័ត៌មានរបស់ប៉ាគីស្ថានបានផ្សាយថា មនុស្ស៥៥នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារមកលើសាលាប៉ូលិសមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ប្រទេសប៉ាគីស្ថាន។
អាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រមាណជា ៥ទៅ៦នាក់ បានសម្រុកទាំងពាក់កណ្ដាលយប់ ចូលទៅក្នុងសាលាបណ្តុះបណ្តាប៉ូលិស Balochistan Police College ដែលស្ថិតនៅចំងាយ២០ គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Quetta នៃខេត្ត Balochistan និងបានបើកការបាញ់រះសម្លាប់មនុស្ស៥៥នាក់ និងជាង១១៨នាក់ បានរងរបួស ខណៈខ្មាន់កាំភ្លើង៤នាក់ក៏ត្រូវបានបាញ់សម្លាប់ផងដែរ។ ចំណែកឯមនុស្ស២០០នាក់ត្រូវបានជួយសង្គ្រោះ ហើយដែលនេះគឺជាការវាយប្រហារ ដ៏អាក្រក់មួយនៅប៉ាគីស្ថានក្នុងឆ្នាំ២០១៦នេះ។
អាជ្ញាធរប៉ាគីស្ថានបន្ថែមថា សាលាប៉ូលិស Balochistan Police College មានសិស្សស្នាក់នៅ និង រៀនប្រមាណជា៧០០នាក់ ប៉ុន្តែដោយសារសិស្សមួយចំនួន បានបញ្ចប់ការសិក្សា ដូច្នេះគេពុំទាន់អាចបញ្ជាក់ពី ចំនួនសិស្សជាក់លាក់នៅឡើយទេ៕