ញូដេលី៖យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦នេះបានឲ្យដឹងថា នៅថ្ងៃសុក្រនេះឥណ្ឌា និងប៉ាគីស្ថាន បានប្រកាសថា ប្រទេសទាំងពីរ និងធ្វើការបណ្តេញមន្ត្រីទូត របស់ភាគីទាំងសងខាងចេញ។
ការប្រកាសបែបនេះធ្វើឲ្យស្ថានការណ៍រវាងសត្រូវ នុយក្លេអ៊ែរទាំងពីររឿងតំបន់ជម្លោះកាស្មៀបាននិងកំពុងកើនឡើងជាបន្តបន្ទាប់។
ឥណ្ឌាបានអះអាងថា ខ្លួននឹងបណ្តេញមន្ត្រីទូតប៉ាគីស្ថានមួយរូបក្នុងទីក្រុងញូដេលី ដែលត្រូវបាន ប៉ូលិសឥណ្ឌាចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីបទសង្ស័យជាប់មានទាក់ទងនឹង ការបង្កើតបណ្តាញចារកម្មដើម្បីស៊ើបយកព័ត៌មាននិងឯកសារសម្ងាត់ផ្សេងៗអំពីប្រតិបត្តិការសន្តិសុខរបស់ប្រទេសឥណ្ឌានៅតាមព្រំដែន។ ចំណែកនៅយប់ថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសថា មន្ត្រីទូតឥណ្ឌាមួយរូបមិនត្រូវបានទទួលឲ្យស្នាក់នៅក្នុងប្រទេសប៉ាគីស្ថានទៀតឡើយ ហើយមន្ត្រីរូបនេះមានពេល៤៨ម៉ោង ដើម្បីរៀបចំសម្ភារៈចាកចេញពីប្រទេសនេះដោយសន្តិវិធី។
គួរបញ្ជាក់ថា ភាពតានតឹងនេះកើតឡើងបន្ទាប់ពីទាហានឥណ្ឌា១៩នាក់ត្រូវបានសម្លាប់ដោយជនសកម្មប្រយុទ្ធ ដែលទីក្រុងញូដេលីចោទថាមកពីប៉ាគីស្ថាន កាលពីខែកញ្ញាកន្លងទៅ៕