ប៉ាគីស្ថាន៖រថភ្លើងដឹកអ្នកដំណើរចំនួនពីរខ្សែបានបុកគ្នាយ៉ាងពេញទំហឹងនៅក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់បាត់បង់ជីវិត និងជាង៤០នាក់ផ្សេងទៀតរងរបួសធ្ងន់។ នេះយោងតាមសារព័ត៌មាននហួរ ផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
អាជ្ញាធរប៉ាគីស្ថានបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅពេលដែល រថភ្លើងដឹកអ្នកដំណើរ Farid Express បានទៅបុកជាមួយនឹង រថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀតយ៉ាងពេញទំហឹងនៅក្នុងទីក្រុង Karachi ។ អាជ្ញាធរបន្តថា ភ្លាមៗនោះប៉ូលិស និងក្រុមជួយសង្គ្រោះបានទៅកន្លែងកើតហេតុ និងបានបញ្ជូនសាកសពជនរងគ្រោះ និងអ្នករបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។
ជុំវិញករណីនេះអាជ្ញាធរបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត គ្រាដែលអ្នករបួស មួយចំនួនកំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំងនៅឯមន្ទីរពេទ្យ ខណៈអ្នកដំណើរជាច្រើននាក់ទៀតបន្តជាប់នៅក្នុងទូររថភ្លើងដែលខូចខាតនៅឡើយ៕