បាងកក៖មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់បាត់បង់ជីវិត គ្រាដែលមានការវាយប្រហារពីពួកសកម្មប្រយុទ្ធសាជាថ្មីម្តងទៀតនៅក្នុងខេត្តភាគខាងត្បូងប្រទេសនាយប់មិញ ក្នុងអំឡុងពេលនៃការកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រ។ នេះបើតាមសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាជ្ញាធរថៃបាននិយាយថា នៅក្នុងខេត្ត Songkhla សន្តិសុខចំនួនពីរនាក់ប្រចាំហាងតាំងបង្ហាញរថយន្តមួយកន្លែងត្រូវបានបាញ់សម្លាប់ ហើយក្រោយមកពួកសកម្មប្រយុទ្ធក៏បានបំផ្ទុះអគារនោះតែម្តង។ ចំណែកឯនៅក្នុងហេតុការណ៍ មួយផ្សេងទៀតនៅក្នុងខេត្ត Pattani នាយទាហានមួយរូបបានស្លាប់បាត់បង់ជីវិតដោយជនប្រដាប់ អាវុធចំនួនបួននាក់ជិះម៉ូតូពីរគ្រឿង បានបើកការបាញ់ប្រហារមកលើទីតាំងឈរជើងរបស់យោធា។ អាជ្ញាធរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃពុធ និងបានបញ្ចប់ទៅវិញនៅមុនពាក់កណ្តាលអធ្រាត្រ៕
គួរបញ្ជាក់ដែរថា ដើម្បីទប់ទល់ទៅនឹងការកើនឡើង នៃការវាយប្រហារទាំងអស់នេះនៅភាគខាងត្បូង ប្រទេស កម្លាំងយោធា និងប៉ូលិសជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅតាមតំបន់ជាពិសេសក្បែរ សាលារៀនដែលទើបតែចាប់ផ្តើមបវេសនកាលថ្មី៕