តុលា​ការចេញ​ដីកាចាប់ខ្លួន​អតីត​ទីប្រឹក្សា​លោកស្រី ផាក គឺ​ន​ហេ ២​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

សេ​អ៊ូ​ល​៖​កាលពី​ម្សិលមិញ​តុលាការ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បានចេញ​ដីកាចាប់ខ្លួន​អតីត​ទីប្រឹក្សា​ពីររូប របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺ​ន​ហេ នៅក្នុង​ក្របខណ្ឌ នៃ​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល​។​
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​តុលាការ​ទីក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់ថា ដីកា​ត្រូវបាន​ដល់​ក្រុម​រដ្ឋអាជ្ញា ដើម្បី​ចាប់ខ្លួន​អតីត​ទីប្រឹក្សា​ពីររូប របស់លោក​ស្រី ផាក គឺ​ន​ហេ គឺ​លោក អាន់ ឈុ​ង​ប៊ុ​ម និង លោក ជុង ហូ​ស៊ុ​ង ដោយ​ក្រុម​រដ្ឋអាជ្ញា​បានដាក់​ការសង្ស័យ​លើ លោក អាន់ ថា​បាន​សហការ​ជាមួយ​ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល ក្នុងការ​បង្ខំ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​បង់ប្រាក់​ដល់​ទៅជិត​៧០​លាន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ​សប្បុរសធម៌​ចំនួន​ពីរ ដែល​គ្រប់គ្រង​ដោយ​ស្ត្រី ឆ​យ ស៊ូ​ន​ស៊ី​ល​។ លោក លោក អាន់ ឈុ​ង​ប៊ុ​ម និង​លោក ជុង ហូ​ស៊ុ​ង សុទ្ធតែ​បាន​លាលែង​ពី​តំណែង​ហើយ កាលពី​ខែតុលា ក្រោយ​រឿង​ស្រូវ លោកស្រី ផាក ផ្ទុះឡើង​។​
​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​បន្ទាប់ពី ប្រជាជន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​រាប់ពាន់នាក់​បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​លោកស្រី ផាក គឺ​ន​ហេ ចុះចេញ​ពីមុខ​តំណែង​៕

bn-gj624_0112sk_j_20150111222146