លីប៊ី៖ក្រុមយុទ្ធជនយ៉ាងហោចណាស់៨នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ខ្លាំងមួយរវាងកងជីវពលប្រដាប់អាវុធធុនធ្ងន់នៅក្នុងសង្កាត់មួយចំនួននៅទូទាំងទីក្រុងទ្រីប៉ូលីប្រទេសលីប៊ីកាលពីម្សិលមិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋឡាណានៅប្រទេសលីប៊ី។
ក្រុមសាក្សីបាននិយាយថា ពួកគេបានឃើញរថក្រោះនិងក្បួនរថយន្តដឹកកងជីវពលជាច្រើនបើកតាមផ្លូវមួយចំនួន ហើយពួកគេបានឮស្នូរបាញ់ប្រហារគ្នាយ៉ាងខ្លាំងនៅក្នុងខណ្ឌមួយចំនួនដែលស្ថិតនៅភាគខាងត្បូង កណ្ដាល និងខាងលិចនៃទីក្រុងទ្រីប៉ូលី។
កងជីវពលបានបែកបាក់គ្នាជាក្រុមៗដោយសារខ្វែងគំនិតគ្នាក្នុងការគ្រប់គ្រងទីក្រុងទ្រីប៉ូលីដែលមួយផ្នែកគឺគ្រប់គ្រងដោយក្រុមជីវពលដើម ហើយមួយផ្នែកទៀតគឺគ្រប់គ្រងដោយកងកម្លាំងដែលមានប្រភពមកពីទីក្រុងមីស្រាតាស្ថិតនៅភាគខាងលិចប្រទេសលីប៊ី និងមានក្រុមអ៊ីស្លាមនិយមផងដែរ។
សូមរំលឹកថា ប្រទេសលីប៊ីបានក្លាយជាប្រទេសគ្មានច្បាប់ទម្លាប់ និងមានការបែកបាក់គ្នាចាប់តាំងពីមានការដួលរលំនៃរបបដឹកនាំរបស់អតីតមេដឹកនាំយូរឆ្នាំនៅប្រទេសនេះគឺលោក ម៉ូម៉ា ហ្គាដាហ្វ៊ី កាលពីឆ្នាំ២០១១៕