មនុស្ស​២៥​នាក់​ស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​មួយ​នៅ​អេ​ហ្ស៊ី​ប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2016 ក+ ក-

អេ​ហ្ស៊ី​ប​៖​សារព័ត៌មាន Washington Post ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែធ្នូ ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស​២៥​នាក់​បាន​ស្លាប់ ខណៈដែល​ចំនួន ៤៩​នាក់​ផ្សេងទៀត​រងរបួស​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​ដ៏​កក្រើក​នៅក្នុង​ព្រះវិហារ​មួយកន្លែង​នៃ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​។​
​យោងតាម​សាក្សី​ជាច្រើន​នាក់ ហេតុការណ៍​ខាងលើនេះ​កើតឡើង​នា​វេលា​ម៉ោង ៩ និង​៤៥​នាទី​ព្រឹក​ម្សិលមិញ (​ម៉ោង​នៅ​អេ​ហ្ស៊ី​ប​) នៅក្នុង​ព្រះវិហារ Coptic Orthodox ក្រោយ​ពេលដែល​អ្នក​គោរព​សាសនា​គ្រឹ​ស្តប្រមាណ​ជាង​២០០​នាក់​បានបញ្ចប់​ការសូត្រ​ព្រះគម្ពីរ​របស់​ពួកគេ ខណៈ​បុព្វ​ជិត​នៅ​ទីនោះ​បានរៀបចំ​ខ្លួន​ដើម្បី​ចាប់ផ្តើម​ការធ្វើ​ធម្មទេសនា​ជា​បន្ត​។​
​រហូតមកដល់​ពេលនេះ​គេ​ពុំទាន់​ឃើញ​មាន​ក្រុម​ភេរវ​ករ​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ តែ​គេ​បានដាក់​ការសង្ស័យ​ទៅលើ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម ដោយ​រួមបញ្ចូល​ទាំង​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ផងដែរ​។​
​គួរ​បញ្ជាក់ថា នេះ​ជាការ​វាយប្រហារ​ដ៏​សាហាវ​ជាងគេ​បំផុត ទៅលើ​អ្នក​កាន់សាសនា​គ្រឹ​ស្ត​នៅ​អេ​ហ្ស៊ី​ប​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ​ផ្សេងទៀត ដែល​សម្លាប់​ជីវិត​មន្ត្រីប៉ូលិស​ចំនួន ០៦​នាក់ និង​បណ្តាល​ឲ្យ​បីនាក់​ផ្សេង​រងរបួស​នៅតាម​ដង​វិថី​ឆ្ពោះទៅកាន់​សំណង់​ប្រាសាទ​ពីរ៉ាមីដ ដ៏​អស្ចារ្យ​របស់​ប្រទេស​អេ​ហ្ស៊ី​ប​៕

fn-2016-12-12-11-36-41-0