អន្តរជាតិ៖លោក Antonio Guterres បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទជាអគ្គលេខាធិការទីប្រាំបួននៃអង្គការសហប្រជាជាតិដោយនិយាយថា អង្គការពិភពលោកមួយនេះត្រូវតែផ្លាស់ប្តូរស្របពេលប្រឈមនឹងវិបត្តិជាសកលដូចជាសង្គ្រាមនៅប្រទេសស៊ីរីជាដើម។
ក្នុងអំឡុងពិធីបុណ្យមួយនៅឯមហាសន្និបាត អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសព័រទុយហ្គាល់រូបនេះបានស្បថចូលកាន់តំណែងអមជាមួយប្រធានមហាសន្និបាតលោក Peter Thomson ។
លោក Guterres នឹងត្រូវចូលកាន់កាងារជំនួសលោក Ban Ki-moon នៅថ្ងៃទី១ខែមករាស្របពេលការបង្ហូរឈាមនៅតែកំពុងបន្តក្នុងប្រទេសស៊ីរីនិងសំណួរថាតើតួនាទីរបស់អាមេរិកនៅក្នុងពិភពលោកនឹងត្រូវផ្លាស់ប្តូរដោយរបៀបណាក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ។
លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយថា “អង្គការនេះគឺជាគ្រឹះនៃពហុភាគីនិយមហើយបានរួមចំណែកដល់សន្តិភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយប៉ុន្តែឥឡូវនេះបញ្ហាប្រឈមគឺបានកើនឡើងលើសពីសមត្ថភាពរបស់យើងដើម្បីឆ្លើយតប។ អង្គការសហប្រជាជាតិត្រូវតែត្រៀមខ្លួនដើម្បីផ្លាស់ប្តូរ”។
អ្នកនយោបាយសង្គមនិយមវ័យ៦៧ឆ្នាំរូបនេះបានឲ្យដឹងទៀតថា អង្គការសហប្រជាជាតិត្រូវតែទទួលស្គាល់កំហុសរបស់ខ្លួននិងកែទម្រង់របៀបដែលខ្លួនធ្វើការដោយលោកបានលើកឡើងពីការបរាជ័យដើម្បីទប់ស្កាត់វិបត្តិភាពនានាដូចជាភាពទន់ខ្សោយខ្លាំង។
ដោយធ្លាប់ជាប្រធានផ្នែកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់រយៈពេលមួយទសវត្សរ៍ លោក Guterres បានស្បថចូលកាន់តំណែងចំពេលដែលកងកម្លាំងស៊ីរីបានវាយយកទីក្រុងអាឡេប៉ូទាំងមូលមកវិញដែលជាចំណុចរបត់ដ៏មានសក្តានុពលមួយនៅក្នុងសង្គ្រាមជិតប្រាំមួយឆ្នាំមកនេះ។
លោក Guterres បានប្តេជ្ញាចូលរួមដោយផ្ទាល់ក្នុងការដោះស្រាយជម្លោះដែលជាសញ្ញាបង្ហាញពីតួនាទីដ៏សកម្មរបស់អគ្គលេខាធិការ៕