ពលរដ្ឋ​ច្រើន​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​ការវាយប្រហារ​យោធា​លើ​ក្រុង​អា​ឡេ​ប៉ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-

អាល្លឺម៉ង់​៖​មនុស្ស​រាប់រយ​នាក់​នៅក្នុង​ទីក្រុង​ប៊ែ​កឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ប្រឆាំងនឹង​ការវាយប្រហារ​យោធា​ទៅលើ​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​។ ក្រុមអ្នកតវ៉ា​ទាំងនេះ​គឺ​ភាគច្រើន​ជា​ពលរដ្ឋ​ស៊ី​រី​ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុងឋានៈ​ជា​អ្នក​ស្វែង​ស្វែងរក​ជ្រកកោន​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ជិត​វិមាន​ប្រាន​ដិ​ន​ប៊ើ​កនៅ​ប្រទេស​អាល្លឺម៉ង់​។​
​ក្រោយពី​បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ខិតខំ​ប្រឹងប្រែង​ថែមទៀត​ក្នុងការ​បញ្ចប់​ការវាយប្រហារ​នេះហើយ ក្រុមអ្នកតវ៉ា​បាន​បន្ត​ក្បួន​របស់​ពួកគេ​អហិង្សា​ទៅកាន់​ស្ថានទូត​នៃ​ប្រទេស​រុស្ស៊ី​នៅក្នុង​ទីក្រុង​ប៊ែ​កឡាំង​ជា​បន្តទៀត​។​
​ក្រុមអ្នកតវ៉ា​ជាច្រើន​បាន​កាន់​បដា​ដែល​សរសេរថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​បាន​មានការ​ពាក់ព័ន្ធ​នឹង​អ្វីដែល​ពួកគេ​បាន​អះអាងថា​គឺជា​អ្នក​សម្លាប់​ជន​ស៊ីវិល​នៅក្នុង​ទីក្រុង​អា​ឡិ​ប​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​អង្គារ ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ស៊ី​រី​បានសម្រេច​កិច្ចព្រមព្រៀង​ស្ដី​ពីបទ​ឈប់​បាញ់​គ្នា​មួយ​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ភាគ​ខាងកើត​នៃ​ទីក្រុង​អា​ឡេ​ប៉ូ ខណៈ​ភាគី​រុស្ស៊ី​បានប្រកាសថា សកម្មភាព​យោធា​ទាំងអស់​បាន​បញ្ឈប់​ហើយៗ​ពេលនេះ​រដ្ឋាភិបាល​ស៊ី​រី​ត្រូវ​បន្ត​គ្រប់គ្រង​ទីក្រុង​អា​ឡិ​ប​ប៉ូ​នេះ​ឡើងវិញ​៕

7a5015e44adc4c9c821254cfdc03d0c6_l