ឃុបឃិត​គ្នា​ជា​ខ្សែ​ប្តូរ​ទីតាំង​ចំណត រថ យន្តស្រុក​ស្ទោង​កំពង់ធំ​ដែល​ត្រូវប៉ាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2015 ក+ ក-

ខេត្តកំពង់ធំ​៖ ការបាត់បង់​ទីតាំង​ដី​អតីត​ទី​សត្តឃាតដ្ឋាន​ស្រុក​ស្ទោង​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ក្រោម​ស្លាក​កិច្ចសន្យា​វិនិយោគ​ចំណតរថយន្ត​ស្រុក​ស្ទោង នោះ ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា ផ្តើមចេញពី​ការឃុបឃិត​គ្នា​ជា​ខ្សែចង្វាក់​មាន​តាំងពី​ជំនាន់​លោក​សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ហិញ្ញ​វត្ថុ​ខេត្តកំពង់ធំ និង​លោក ម៉ៅ ឡាំង អតីត​ប្រធាន​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​ខេត្ត​លោក​អភិបាលស្រុក​ស្ទោង ព្រឹម រដ្ឋា និង​លោក ឈុន ងួន​ហេង ដែលជា​អ្នកម៉ៅការ​ចំណតរថយន្ត​បន្ត​ពី​លោក អ៊ាង អាន​(​ម្ចាស់​ដើម​នៃ​កិច្ចសន្យា​វិនិយោគ​) រួម​និង​មន្ត្រី​ខ្លះ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផងដែរ ។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានដឹងថា នៅមុន​ពេល​ថៅកែ​ឈ្មោះ អ៊ាង អាន ចុះកិច្ចសន្យា​វិនិយោគ​រយៈពេល ១៥​ឆ្នាំ ចាប់ពី​ថ្ងៃទី ០១ មករា ឆ្នាំ​២០០០ ដល់ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៤ នោះ គឺ​ទីតាំង​ចំណតរថយន្ត​ស្រុក​ស្ទោង​មាន​ផ្ទៃដី​សរុប ០, ៩០៥​ហិកតា ។​ក្រោយពី​ថៅកែ អ៊ាង អាន ទទួលបាន​សិទ្ធិ​វិនិយោគ​រួចមក រូបគាត់​មិនបាន​ធ្វើ​ដោយផ្ទាល់​ដៃ​ទេ​គឺ​ផ្ទេរ​ការងារ​វិនិយោគ​នេះ​ទៅ​ឲ្យ​ថៅកែ​ម្នាក់ទៀត​ឈ្មោះ ឈុន ងួន​ហេង គ្រប់គ្រង​រហូតដល់​ចប់​កិច្ចសន្យា​ជាមួយ​រដ្ឋ​រយៈពេល​១៥​ឆ្នាំ​(២០០០-២០១៤)​។​

​ប្រភព​ដដែល​បន្តថា នៅក្នុង​រយៈពេល​នៃ​ការគ្រប់គ្រង​ចំណតរថយន្ត​ស្រុក​ស្ទោង​ដោយ​លោក ឈុន ងូ​ន​ហេង នោះ គេ​ឃើញ​មានការ​ពុះ​ច្រៀក​ដី​លក់ និង​សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ផ្ទុយទៅនឹង​គម្រោង​កិច្ចសន្យា​ទៅវិញ​។ នៅ​ឆ្នាំ ២០១៣ ដី​ចំណតរថយន្ត​ដែល​នៅ​សេសសល់ ក៏​ត្រូវគេ​ឃុបឃិត​គ្នា​លក់​បន្ថែម​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ឈ្នោះ ជា សុគន្ធា​រី ក្នុងតម្លៃ​រាប់សែន​ដុល្លារ​។​ប្រភព​បន្តថា ក្នុង​ចន្លោះពេល​នេះដែរ លោក អ៊ាង អាន និង​លោក ឈុន ងួន​ហេង មិនបាន​អភិវឌ្ឍន៍​ចំណត​នោះទេ គឺ​ចំណត​កាន់តែ​រួម​តូច ការចូល​ចត​របស់​យានយន្ត​ពាសវាល​ពាសកាល​ហៀរ​ទៅ​ចត​នៅតាម​ចិញ្ចើមថ្នល់​សាធារណៈ​ទៅវិញ​។​

​ប្រភព​បន្តទៀតថា ទោះបីជា​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​ពោរពេញ​ទៅដោយ​ភាពមិនប្រក្រតី​បែបនេះ​ក្តី ក៏​គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​អើពើ​ដែរ ព្រោះ​គេ​ស៊ុមគ្រលុំ​គ្នា​តាំងពី ថ្នាក់ដឹកនាំ​ខេត្ត​រហូតដល់​មន្ទីរជំនាញ​ក្នុង​ខេត្ត​ដែលមាន​សមត្ថកិច្ច​គ្រប់​គ្រង​ទ្រព្យសម្បត្តិ​ដែលមាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់រ​ដ្ឋ ក្នុងនោះ​មាន​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សុខ សុផល លោក ជា គឹម​តុង ប្រធានការិយាល័យ​ចំណូល​សាធារណៈ នៃ​នាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ប្រភព​បន្ថែមថា នៅ​ចុងឆ្នាំ​២០១៤ ខណៈដែល​ចំណតរថយន្ត​ជិត​ផុតកំណត់​នៃ​កិច្ចសន្យា​វិនិយោគ​នោះ លោក ឈុន ងួន​ហេង បាន​ចេញមុខ​ស្នើសុំ​ការវិនិយោគ​បន្ត​រយៈពេល​២០​ឆ្នាំ គិតពី​ថ្ងៃទី ០១ មករា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០៣៤ ដោយ​ដាក់ទុន​ចំនូ​ន ១០០​លាន​រៀល និង​បង់​ថវិកា​ចូល​ខេត្ត ១៥,៨​លាន​រៀល ។​កិច្ច​ស​សន្យា​នេះ ក៏មាន​ការចូលរួម​គាំទ្រ​ពី​សំណាក់​លោក សុខ សុផល ផងដែរ ។​

​តាម​ដំណឹង​ដែល​អាច​ជឿទុកចិត្ត បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​ពីរ​បីនាក់​ឈ្មុសឈ្មុល​រត់ការ​«​ឡប​ប៊ី​» រហូតដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​យល់ព្រម​។​គេ​បានដឹងថា នៅ​មុនពេល​មានការ​យល់ព្រម​នោះ ពួកគេ​បានរៀបចំ​នូវ​សេនារីយោ​ដាក់​ឲ្យ​មាន​គណៈ​ប្រតិ ភូ​មួយក្រុម​របស់​អគ្គនាយក​រដ្ឋបាល​ចុះទៅ​ត្រួតពិនិត្យ​ទំហំ​ផ្ទៃដី​ចំណតរថយន្ត​នោះ ប៉ុន្តែ​ក្រោយពី​ពិនិត្យ​ក៏​មិនឃើញ​មានការ​ចាប់អារម្មណ៍​ប្រតិកម្ម​ពី​ចំពោះ​ករណី​ចំណត​ដែល​រួម​តូច​ដោយសារ​គេ​ពុះ​ជ្រៀក​លក់​នោះទេ​។

​ការស្ងៀមស្ងាត់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវគេ​គិតថា អង្គុយចាំតែ​ស្តាប់​របាយការណ៍​ភូត ឬ​ត្រូវ​ថ្នាំ​សណ្តំ​ពី​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ ព្រោះ​ភាពមិនប្រក្រតី​នៃ​ការវិនិយោគ​ចំណតរថយន្ត​ស្រុក​ស្ទោង​ខេត្តកំពង់ធំ នេះ​មាន​ច្រើន ករណី ប៉ុន្តែ​គេ​ធ្វើ​មិនដឹងមិនឮ ។​នេះ​គេ​មិនទាន់​និយាយ​ដល់​ការបង្ខំ​ទារ​យក​ថ្លៃ​ភាស៊ី​លើសពី​សៀវភៅ​បន្ទុក​នោះ​ផង​ទេ​។​

​តាម​ឯកសារ​ដែល​សារព័ត៌មាន សង្គម និង​កីឡា ទទួលបាន​នាពេល​ថ្មីៗ​នេះ បង្ហាញថា ទីតាំង​ដី​ដែល​រដ្ឋ​ប្រគល់​ទៅ​ឲ្យ​លោក អ៊ាង អាន មាន​ទំហំ ០,៩០៥​ហិកតា ដើម្បី​ធ្វើការ​វិនិយោគ​សាងសង់​ចំណតរថយន្ត​ស្រុក​ស្ទោង​ឲ្យ​បានល្អ​ប្រសើរ​ទាំង​សោ​ភ័​ណ្ឌ​ភាព និង​សុវត្ថិភាព ។ ប៉ុន្តែ​បែរជា​មានការ​ឃុបឃិត​គ្នា​សុំ​ផ្លាស់ប្តូរ​ទីតាំង​ចំណត​ចាស់​របស់​រដ្ឋ​ដែល​ត្រូវប៉ាន់ ទៅធ្វើ​នៅលើ​ដី​ដែលជា​កម្មសិទ្ធិឯកជន​រាង​ជា​អក្សរ​វ៉េ មាន​ហាងឆេង​ទាប​របស់លោក អ៊ាង អាន ដែលមាន​ចម្ងាយ​ពីគ្នា​ប្រហែល​១០០​ម៉ែត្រ​ទៅវិញ ក្រោមលេស​ថា ទីតាំង​ចាស់​នោះ​ប៉ះពាល់​នឹង​ចំណីផ្លូវ ។​កិច្ចព្រមព្រៀង​ឲ្យ​មានការ​ផ្លាស់ប្តូរ​នេះ​គេ​ឃើញ​មាន​ចំណារ​របស់​អភិបាលខេត្ត​លោក ណាំ ទុំ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០០៤ ផងដែរ ។​ក្រោយពី​មានការ​ផ្លាស់ប្តូរ​រួច ដី​ដែល​នៅ​សេសសល់​លើ​ទីតាំង​ចាស់​ត្រូវគេ​ពុះ​ច្រៀក​លក់​ដូច​ការរៀបរាប់​ខាងលើ​។​

​ឯកសារ​ដដែល​បង្ហាញ​ថា យោងតាម​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​លោក សុខ លូ អភិបាលរង​ខេត្តកំពង់ធំ គឺ​រដ្ឋ​បាន​យល់ព្រម​ទទួលយក ដី​ទីតាំង​ចំណតរថយន្ត​ថ្មី​ដែល​ស្ថិតនៅ​លើដី​ជា​កម្មសិទ្ធិឯកជន​រប​ស់លោក អ៊ា អាន មាន​ទំហំ​សរុប​៩៥០​ម៉ែត្រការ៉េ​(​មិនទាន់​កាត់​ចំណីផ្លូវ​) ខុសពី​ទំហំ​ដី​ចំណត​ចាស់​មាន​ទំហំ ០,៩០៥ ហិកតា​។

​មន្ត្រី​ក្នុង​ខេត្ត​មួយចំនួន​បានលើកឡើង​ស្រដៀង​គ្នា​ថា សុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លុបចោល ឬ​បដិសេធ​នូវ​សំណើរ​សុំ​ការវិនិយោគ​លើ​ចំណតរថយន្ត​ស្រុក​ស្ទោង​ពី​សំណាក់​លោក ឈុន ងួន​ហេង ព្រោះថា​ការស្នើសុំ​វិនិយោគ​ខាងលើនេះ គឺ​ពោរពេញ​ទៅដោយ​អំពើពុករលួយ និង​បំបាត់​ចំណូល​របស់​រដ្ឋ​យ៉ាងច្រើន ។ លើសពីនោះ​ទៅទៀត​វា​បាន​ផ្ទុយ​ទៅ​និង​លិខិត​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លេខ ៤៩១៨ ស​.​ហ​.​រ​.​អ​.​ទ​.​ច​ចុះ​ថ្ងៃទី ០៩ កក្កដា ឆ្នាំ​ដ ២០១៤ ចុះហត្ថលេខា​ជួស​រដ្ឋមន្ត្រី​ដោយ​លោក​រដ្ឋលេខាធិការ ងី តា​យី​ទៀតផង​។​

​ពាក់​ព័​ន្ឋ​នឹង​ពត៌មាន​នៃ​អំពើពុករលួយ​ខាងលើនេះ មិនអាច​សុំ​ការពន្យល់​បាន​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្ថាប័ន​ជំនាញ​នៅឡើយ​ទេ កាលពី​រសៀល​ម្សិល​ម៉ិ​ញ​នេះ​៕ ស​សន​

Untitled-1